គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។ ផែនការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖
-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ
-លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ
-លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន
-លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។
ដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យ រដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។
តើបងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណៈ គាំទ្ររដ្ឋបាលខេត្តក្នុងការស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ដែល ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជាផលប្រយោជន៍សាធារណៈដែរឬទេ? ការគាំទ្រ និងការលើកទឹកចិត្តពី បងប្អូន នឹងធ្វើឱ្យគម្រោងនេះដំណើរការបានជោគជ័យ។