លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានទទួលការអនុញ្ញាតពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Xiamen នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្លឹមសារនៃសារសុន្ទរកថា ក្នុងពិធីបើក មានដូចខាងក្រោម៖
ក្នុងឱកាសសប្តាហ៍មហាសមុទ្រពិភពលោក ឆ្នាំ២០២០ (2020 World Ocean Week) នេះ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំជាអនុប្រធានបណ្តាញ PNLG សូមសំដែងនូវមោទនភាពដ៏ជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាទីក្រុងជាសមាជិកនៃ PNLG ដែលបានចូលរួមសហការ និងប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសម្បត្តិមរតកពិភពលោក គឺមហាសមុទ្រដែលស្ថិតក្នុងចក្រក្រវ៉ាល់របស់យើង ឱ្យធានាបានស្ថិតស្ថេរ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់ការប្រើប្រាស់ និងជាប្រភពចំនីអាហារដល់មនុស្សជាតិទាំងមូល។
WOW គឺជាព្រឹត្តិការណ៍មួយដែលផ្តល់ឱកាសឱ្យបណ្តាទីក្រុងតំបន់ឆ្នេរទាំងអស់នៅលើពិភពលោក ជាពិសេស គឺបណ្តាទីក្រុងដែលជាសមាជិកPNLG បានចូលរួមជារៀងរាល់ឆ្នាំ ដើម្បីជួបជុំគ្នាចែករំលែកចំណេះដឹង និងសមិទ្ធផលថ្មីៗដែលកើតទ្បើងពីការខិតខំប្រឹងប្រែងរបស់ទីក្រុងនីមួយៗ លើការថែរក្សាបរិស្ថានសមុទ្រ និងមហាសមុទ្រ ឱ្យស្ថិតស្ថេរប្រកបដោយនិរន្តភាព។ ការថែរក្សាបរិស្ថាន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខៀវ (Blue Economy) គឺជាភារៈកិច្ចរបស់មនុស្សជាតិលើសកលលោកទាំងមូល ដែលត្រូវចូលរួមអនុវត្តតាមសមត្ថភាពរៀងៗខ្លួន ដូចនេះការចូលរួមនៅក្នុងគ្រួសារ PNLG គឺជាកាតព្វកិច្ចរបស់បណ្តាថ្នាក់ខេត្តដូចជាទីក្រុងទាំងអស់ ដែលត្រូវចូលរួមដើម្បីកែលម្អ និងស្តារទ្បើងវិញនូវធនធានដ៏កម្រនៅក្នុងមហាសាគររបស់យើងឲ្យបានស្ថិតស្ថេរគង់វង្ស សំរាប់កូនចៅនិងមនុស្សជំនាន់ក្រោយ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏សង្កេតឃើញថាការប្រែប្រួលអាកាសធាតុបានកំពុងវាយលុកយ៉ាងខ្លាំងផងដែរ ដល់បណ្តាប្រទេសនៅតំបន់ឆ្នេរ និងដងទន្លេ។ ក្នុងខេត្តព្រះសីហនុ ការហូរច្រោះឆ្នេរខ្សាច់ ជាបញ្ហាប្រឈមខ្លាំង ដែលបានធ្វើឱ្យមានកំណើនកំពស់ទឹកសមុទ្រ និងបាក់រលំនូវដើមឈើជាច្រើននៅតាមឆ្នេរទេសចរណ៍សំខាន់ៗរបស់ខេត្ត។
សម្រាប់ខេត្តព្រះសីហនុក្នុងឆ្នាំនេះ ក៏បានកំពុងខិតខំយ៉ាងសកម្មដើម្បីជំរុញការអភិឌ្ឍសេដ្ឋកិច្ចខៀវ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលសកម្មភាពទាំងនោះរួមមាន ការអភិវឌ្ឍ និងពង្រីកកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាពិសេសរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត រួមមាន ផ្លូវទីក្រុង ផ្លូវប្រ៉បឆ្នេរ ការគ្រប់គ្រងឆ្នេរ ការគ្រប់គ្រងការបំពុល ការរៀបចំយុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ និងការរៀបចំសួនច្បារក្នុងទីក្រុង… ជាដើម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនភាពទាក់ទាញទីក្រុង ឱ្យក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ។ ដោយឡែកចំពោះការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុបានខិតខំប្រែង និងអនុវត្តយ៉ាងសកម្មតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល។ ស្ថានភាពនេះ ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ (ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកដំណើរមកពីបរទេសតាមយន្តហោះ) ដែលក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ពុំរកឃើញករណីថ្មីទេ។
ជាទីបញ្ចប់ខ្ញុំសូមជូនពរឲ្យព្រឹត្តិការណ៍ WOW ស្ថិតនៅជានិរន្តន៍ ដើម្បីបន្តប្រពៃណីផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុង និងទីក្រុង ការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំឆ្នេរសមុទ្រ និងរួមចំណែកជួសជុលទ្បើងវិញនូវការខូចខាតបរិស្ថានសមុទ្រ និងការប្រែប្រួលអាកាសធាតុ ដែលកំពុងកើតទ្បើងជារៀងរាល់ឆ្នាំ ដើម្បីរក្សាការពារជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។ សូមឲ្យវេទិកា WOW ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពជោគជ័យ។
ក្នុងឱកាសនោះដែរ លេខាធិការដ្ឋានរៀបចំវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក(WOW) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋបាលខេត្តព្រះសីហនុ និងលោក គង់ វិតាណៈ ដែលបានចំណាយពេលវេលាដ៏មានតម្លៃថ្លែងសារសុន្ទរកថាតាមប្រព័ន្ធអនឡាញដ៏មានអត្ថន័យ ដែលនេះជាសារមួយឆ្លុះបញ្ចាំងអំពីកិច្ចការងាររបស់បណ្តាខេត្តក្រុងតំបន់ឆ្នេរក្នុងការចូលរួមអភិរក្សបរិស្ថាន និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការប្រែប្រួលអាកាសធាតុ ហើយសារនេះ ក៏បានជំរុញស្មារតីរបស់សមាជិកទាំងអស់ បន្តខំតខំបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថានតំបន់សមុទ្ររបស់ពួកយើងឱ្យមានភាពប្រសើរជានិច្ចនិរន្តន៍។