រសៀលថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលាខេត្តផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំថា ដោយមានការឯកភាពពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ខាងមុខ។ ដូច្នេះក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ក្រុមហ៊ុន ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់ ត្រូវធ្វើការសំអាតខ្សែផ្លូវដើម្បីបង្កលក្ខណ:ងាយស្រួលឱ្យក្រុមហ៊ុនអ៊ុតបេទីមមានលទ្ធភាពបំពេញការងារតាមផែនការបានរលូន ព្រមទាំងបានសំណូមពរឱ្យក្រុមហ៊ុនទាំងអស់គឺក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមត្រូវសហការគ្នាដើម្បីឱ្យដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណភាព ក្នុងខេត្តព្រះសីហនុរបស់យើង បំរើឱ្យវិស័យទេសចរណ៍ និងវិនិយោគនាពេលខាងមុខ។
សូមបញ្ជាក់ថាក្រុមហ៊ុនទាំង០៣ ដែលទទួលអ៊ុតបេទីម រួមមាន÷
១.ក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន០៥ខ្សែ
២.ក្រុមហ៊ុន TCM Engineering Co., LTD ទទួលបានផ្លូវចំនួន១២ខ្សែ
៣.ក្រុមហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ទទួលបានផ្លូវចំនួន ១៧ខ្សែ៕