រសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ACU និង លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ ដោយមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរសុខាភិបាល និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានជំរាបជូនក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ACU ដោយគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានត្រៀមកន្លែងស្នាក់នៅសម្រាប់បេក្ខជនដែលគ្មានលទ្ធភាពស្នាក់នៅ និងការផ្ញើម៉ូតូរួចរាល់។សម្រាប់ក្រុងព្រះសីហនុ មានផ្ទះសំណាក់កាកបាទក្រហម និងផ្ទះសំណាក់គ្រូបង្រៀន ដោយឡែកនៅស្រុកព្រៃនប់ មានផ្ទះសំណាក់ឡេងទ្រី។ ម្យ៉ាងទៀតក្នុងថ្ងៃប្រឡងរដ្ឋបាលខេត្ត នឹងធ្វើការបិទទីតាំងហ្វូតូ Copy ដើម្បីឱ្យការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុប្រព្រឹត្តទៅដោយរលូនធានាបានគុណភាព តម្លាភាពតាមទ្រឹស្តីអ្នករៀនគឺជាប់ និងអ្នករៀនពូកែទទួលបានរង្វាន់ ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថាមន្ទីរបានធ្វើការត្រៀមលក្ខណៈរួច រាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំសិក្សា២០១៩- ២០២០ មានមណ្ឌលប្រឡងចំនួន ០៥ ក្នុងនោះមណ្ឌលក្រុងព្រះសីហនុមាន ០៣មណ្ឌល គឺមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ មណ្ឌលវិទ្យាល័យហ៊ុន សែនក្រុង និងមណ្ឌលសាលាបឋមនឹងអនុវិទ្យាល័យហ៊ុន សែន កម្មករ ។ ចំពោះមណ្ឌលប្រឡងស្រុកព្រៃនប់ មាន ០២មណ្ឌល គឺមណ្ឌលវិទ្យាល័យ ហ៊ុន សែន វាលរេញ និងមណ្ឌលសាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ដែលមានបេក្ខជនចូលរួមប្រឡងសញ្ញាបត្រសរុបចំនួន ១.៦៦១ នាក់ ស្រី ៨៤២នាក់។ មន្ទីរអប់រំ ក៍បានសហការជាមួយមន្ទីរសុខាភិបាលរៀបចំស្គែនវាស់កំដៅដល់បេក្ខជនប្រឡង នៅតាមមណ្ឌលប្រឡងនានា បាញ់អាល់កុល និងការពាក់ម៉ាស់ជាដើម ពិសេសការផ្សព្វផ្សាយអំពីវិធានសុខាភិបាល ដោយរក្សាគម្លាតជាដើម ។
ឯកឧត្តម កែវ ធីវុធ តំណាងអង្គភាពប្រឆាំងអំពីពុកលួយ ACU បានថ្លែង អំណរគុណរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍខេត្តមានការរីកចម្រើនជាប៉ូលអភិវឌ្ឍន៍ និងតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់។ ដោយមានកិច្ចសហការល្អរបស់រដ្ឋបាលខេត្ត ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការចូលរួមសង្កេតការតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តព្រះសីហនុ ធ្វើឱ្យការងារប្រឡងចាប់ពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៩ កន្លងមកប្រព្រឹត្តទៅរលូនធានាបានបរិមាណ និងគុណភាព កាត់បន្ថយភាពអសកម្មនៅតាមមណ្ឌលប្រឡងស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ ដើម្បីបង្កើនធនធានមនុស្ស ។
ឯកឧត្តម កែវ ធីវុធ បន្តថាក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយបានចុះពិនិត្យតាមមណ្ឌលប្រឡងក្នុងក្រុងព្រះសីហនុ ពិនិត្យឃើញថាមានភាពល្អ មានអនាម័យ ក៍ប៉ុន្តែចំណុចពិសេសដែលយើងត្រូវអនុវត្តក្នុងពេលបិទឈ្មោះ និងការប្រឡងត្រូវគិតគូរពីសុវត្ថិភាព រក្សាគម្លាត ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៕