ថ្ងៃពុធ ១១ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០៖ ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តដឹកនាំក្រុមការងារចម្រុះ ចុះណែនាំ និងផ្អាកអាជីវកម្ម
ទូទាំងខេត្តចំនួន ៩៦កន្លែង រួមមាន៖
ទី១ ៖ ខារ៉ាអូខេ ចំនួន ៥១ កន្លែង
ទី២ ៖ ឌីស្តូតែក ចំនួន ៤ កន្លែង
ទី៣ ៖ បៀហ្គាឌីន ចំនួន ៧ កន្លែង
ទី៤ ៖ ម៉ាស្សា ចំនួន ២៦ កន្លែង
ទី៥ ៖ ស្ទីម សូណា ចំនួន ២ កន្លែង
ទី៦ ៖ ក្លឹបហាត់ប្រាណ ចំនួន ៥ កន្លែង
ទី៧ ៖ រោងភាពយន្ត ចំនួន ១ កន្លែង
សកម្មភាពខាងលើនេះ គឺធ្វើឡើងដើម្បីទប់ ស្កាត់ និងបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់ក្រុមការងារចម្រុះ និងអាជ្ញាធរក្រុង-ស្រុកទាំង៥ ត្រូវបន្តការតាមដាន និងពិនិត្យជាប្រចាំ ក្នុងករណីរកឃើញទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអភិបាលក្រុងស្រុក បង្កើនការផ្សព្វផ្សាយអំពីវិធានការសុខាភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំងត្រូវបន្តយកចិត្តទុកដាក់តាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។