រសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង និងកម្មវិធីវិនិយោគសង្កាត់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង តំណាងអង្គការជាតិ អន្តរជាតិ សប្បុរសជន ចៅសង្កាត់ និងសមាជិក សមាជិកាអង្គសិក្ខាសាលា ។
លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ក្រុងព្រះសីហនុ រៀបចំស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ និងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងសេចក្តីណែនាំបច្ចេកទេសស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ និងការកសាងផែនការវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ផ្អែកតាមផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ២០២០- ២០២៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ ឆ្លើយតបតាមតម្រូវការអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ គម្រោងសកម្មភាពអាទិភាពរបស់ក្រុងព្រះសីហនុ (២០២១) មាន÷
១.ផ្នែកសេដ្ឋកិច្ចមាន ១១គម្រោង
២.ផ្នែកសង្គមកិច្ចមាន ១៧គម្រោង
៣.ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការ ប្រែ ប្រួលអាកាសធាតុមាន ១៨គម្រោង
៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ២១គម្រោង ។
លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុងព្រះសីហនុ ដើម្បីធានាឱ្យមានសង្គតិភាពរវាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលក្រុង និងសង្កាត់ នៃក្រុងព្រះសីហនុ ជាសកម្មភាពដែលមានការចូលរួមពីស្ថាប័ន មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ដៃគូរអភិវឌ្ឍន៍ និងសប្បុរសជន ដែលកំពុងប្រតិបត្តិការនៅតាមក្រុង សង្កាត់គោលដៅជួយគាំទ្រគម្រោង ឬសកម្មភាពរបស់ក្រុង និងសង្កាត់តាមគោលការណ៍លក្ខណៈវិនិច្ឆ័យ និងគោលនយោបាយអភិវឌ្ឍន៍របស់ស្ថាប័ននីមួយៗ សម្រាប់ស្វែងរកប្រភពមូលនិធិដើម្បីជួយគាំទ្រគម្រោងវិនិយោគជាអាទិភាពរបស់ក្រុង និងសង្កាត់គោលដៅ រួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យ។ តម្រូវការចាំបាច់ដល់ការលើកស្ទួយជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល ព្រមទាំងរួមចំណែកអនុវត្តឱ្យបាន សម្រេចនូវ
ផែនការអភិវឌ្ឍរបស់រដ្ឋបាលក្រុង និងសង្កាត់តាមគោលការណ៍ណែនាំផ្នែកគោលនយោបាយរបស់ក្រុមប្រឹក្សាក្រុងព្រះសីហនុ ៕