ព្រឹកថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា លោកលោកស្រី ប្រធានក្រុមហ៊ុន និងសភាពាណិជ្ជកម្មខេត្ត ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា គ្មានទីពឹង កុមារកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធ្មជាតិផ្សេងៗ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមហ៊ុន និងសភាពាណិជ្ជកម្មខេត្ត ដែលបានចូលរួមការងារសង្គមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» នេះជាសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរង គ្រោះដោយជំនន់ទឹកភ្លៀង គ្រោះធម្មជាតិនានា និងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់នឹងជំងឺ Covid-១៩ ក្នុងខេត្តព្រះសីហនុ ព្រមទាំងថ្លែងអំណរគុណដល់លោកឧកញ៉ា លោកលោកស្រី តែងតែបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ មានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា នេះគឺជាទឹកចិត្តមនុស្សធម៌ក្នុងការ ចែករំលែកជួយដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តម គួច ចំរើន សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននានា នឹងបន្តសកម្មភាពមនុស្សធម៌ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុងខេត្តព្រះសីហនុ បន្តទៀត។
អំណោយរបស់លោកឧកញ៉ា លោក លោកស្រី ប្រធានក្រុមហ៊ុន និងសភាពាណិជ្ជកម្មខេត្តសរុបមាន អង្ករ ៣៣តោន មី៥២កេសធំ ត្រីខ២០កេសធំ ទឹកសុទ្ធ ១២០កេស របាំងមុខការពារជំងឺឆ្លង៥៤ និងថវិកា ២,០០០ដុល្លាអាមេរិក៕