ព្រឹកថ្ងៃពុធ ១២កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រួតពិនិត្យសកម្មភាពការងារ និងដាក់ចេញនូវគោលការណ៍មួយចំនួនដើម្បីអនុវត្តបន្ត ក្នុងកិច្ចប្រជុំនេះគឺមានការចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ
របៀវារៈកិច្ចប្រជុំដូចខាងក្រោម ៖
១. មតិបើកកិច្ចប្រជុំដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។
២. ផ្សព្វផ្សាយសេចក្តីណែនាំ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយ លោក ឯម ភាព នាយករដ្ឋ
បាលសាលាខេត្ត មានដូចខាងក្រោម៖
-សេចក្តីណែនាំ ស្តីពីការចាត់តាំងរៀបចំពិធីបុណ្យខួបលើកទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិ របសព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
-សេចក្តីណែនាំ ស្តីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០។
-លិខិតរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្តីពីការដាក់តាំងបង្ហាប្រឆាំងគ្រឿងញៀន ក្នុងឱកាសនៃព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។
៣. សេចក្តីរាយការណ៍ អំពីការអនុវត្តធ្វើរដ្ឋបាលចំហរតាមដងផ្លូវ ដោយ លោក អភិបាលក្រុងស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក។
៤. សេចក្តីរាយការណ៍ររំពីការរៀបចំផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យខួបលើកទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ។
៥. បញ្ហាផ្សេងៗ
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អភិបាលក្រុងស្រុក ជាប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធ ត្រូវបន្តចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅសំខាន់ៗដោយធ្វើការប្រជុំដកបទពិសោធន៍ ព្រមទាំងចុះពិនិត្យរដ្ឋបាលចំហរ ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗ ជាពិសេសនៅតាមបណ្តាភោជនីយដ្ឋាន ខារ៉ាអូខេ កាស៊ីណូ និងទីកន្លែងប្រមូលផ្តុំនានា។ល។
កិច្ចប្រជុំគណ:បញ្ជាការឯកភាពបានសម្រេចដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ រាល់ឧបាយកលសកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសច្បាប់ផ្សេងៗ ប្រសិនបើមានទីតាំង សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ផ្ទះជួល មានករណីចាប់មនុស្សបង្ខាំងខុសច្បាប់ ចាប់ជំរិត សមត្ថកិច្ចត្រូវធ្វើរបាយការណ៍លើកសំណើទៅព្រះរាជអាជ្ញា ដើម្បីបិទទីតាំងនោះជាបន្ទាន់។ ក្នុងនោះត្រូវធ្វើការគ្រប់គ្រង និងធានាការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ព្រមទាំងភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ តំបន់ទាក់ទាញទេសចរណ៍ តំបន់ឆ្នេរ និងតាមកោះនានា៕