Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើនអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្ទូចត្រីដែលប្រារព្ធធ្វើឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើនអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្ទូចត្រីដែលប្រារព្ធធ្វើឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតស្ទូចត្រីដែលប្រារព្ធធ្វើឡើងនៅឃុំអូរឧកញ៉ាហេង និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

យោងតាមរបាយការណ៍របស់ប្រធានក្រុមអ្នកស្ទូចត្រីបានឱ្យដឹងថា ក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុបានបង្កើតឡើងនៅឆ្នាំ២០២០ ដែលជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ២០១៤ ក្នុងគោលបំណងដើម្បីបំផុសចលនា និងលើកទឹកចិត្ត រួមគ្នាការពារ និងអភិរក្សធនធានមច្ឆាជាតិ ក្រោមប្រធានបទ “រួមគ្នាបំបាត់ការនេសាទខុសច្បាប់”។
ក្រុមអ្នកស្ទូចត្រីក្រុងព្រះសីហនុនេះជាផ្នែកមួយនៃក្រុមអ្នកស្ទូចត្រីកម្ពុជាដែលបានបង្កើតឡើងដើម្បីបណ្ដុះគំនិតអភិរក្សមច្ឆាជាតិ ដែលកំពុង តែរងការបំផ្លិចបំផ្លាញគ្រប់បែបយ៉ាងពីសំណាក់ជនល្មើស ដែលបានប្រើប្រាស់គ្រប់មធ្យោបាយបំផ្លាញនិរន្តភាពនៃមច្ឆាជាតិកម្ពុជា ទាំងនៅតាមទន្លេ បឹងបួរ ព្រែក និងនៅតាមដែនសមុទ្រកម្ពុជា។ ក្រៅពីបណ្ដុះគំនិតលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នេះ ក្រុមអ្នកស្ទូចត្រីកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងថែរក្សាធនធានមច្ឆាជាតិ ដោយជារៀងរាល់ឆ្នាំ ត្រូវធ្វើពិធីជួបជុំ ក្រុមអ្នកស្ទូចត្រីដោយបង្កើតជាមូលនិធិ រៃអង្គាសគៀងគរ រកថវិកាដើម្បីជួយឧបត្ថម្ភដល់តំបន់អភិរក្សមច្ឆាជាតិនានាទូទាំងប្រទេស។
ឯកឧត្ដម​ គួច ចំរើន​ អភិបាល​ នៃគណ​:អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករស្ទូចត្រីទាំងអស់​ ដែលបានរៀបចំកម្មវិធីនេះឡើង ជាពិសេសការបំផុសស្មារតីប្រជាពលរដ្ឋក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ មច្ឆាជាតិ និងលុបបំបាត់ការនេសាទខុសច្បាប់។
ឯកឧត្តមភិបាលខេត្ត បានមានប្រសាសន៍ដ៏មានសារសំខាន់ជូនដល់អង្គពិធីដូចខាងក្រោម៖
ទី១-ការអប់រំ និងការផ្សព្វផ្សាយទប់ស្កាត់អំពើល្មើសគឺពិតជារឿងត្រឹមត្រូវ ហើយខ្ញុំមានការជឿជាក់ថានឹងបានផ្ដល់ឱ្យយើងត្រឡប់មកវិញនូវអត្ថប្រយោជន៍ដោយអ្នកស្ដាប់ អ្នកមើល អ្នកចូលរួមនឹងធ្វើតាម និងរួមចំណែកដើម្បីកាត់បន្ថយបទល្មើសនេសាទរបស់យើង។ តាមរយៈសកម្មភាពទាំងអស់នេះ ខ្ញុំមានការជឿជាក់យ៉ាងខ្លាំងថាគឺមានប្រសិទ្ធភាព។
ទី២-សូមចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការបំផ្លាញព្រៃលិចទឹក ដើម្បីអភិរក្សធនធានមច្ឆាជាតិ។
ទី៣-ការជួយថែរក្សាអនាម័យបរិស្ថាន ដោយ
សំរាមយើងអាចយកទៅបាន ដូច្នេះយើងក៏អាចយកត្រឡប់មកវិញបានដូចគ្នា។
ទី៤-ស្នើឱ្យក្រុមអ្នកស្ទូចត្រីខេត្តព្រះសីហនុ ក៏ដូចជាក្រុមអ្នកស្ទូចត្រីកម្ពុជារៀបចំក្បួនខ្នាត​ លក្ខន្តិកៈ និងគោលការណ៍នៃការប្រកួតប្រជែងឱ្យបានច្បាស់លាស់ ដេីម្បីឈានទៅចូលរួមក្នុងកម្មវិធីផ្សេងៗទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។ ទន្ទឹមនេះ នៅក្នុងឱកាសបុណ្យសមុទ្រ​ ដែលខេត្តព្រះសីហនុ​ នឹងប្រារព្វនៅឆ្នាំ២០២១​ ស្នើសុំបញ្ចូលកម្មវិធីប្រកួតស្ទូចត្រីនៅក្នុងរបៀបវារៈផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា និងពានរង្វាន់ទៅដល់ក្រុមស្ទូចត្រីដូចខាងក្រោម៖
-ជាប់លេខ១ ទទួលបាន ១ លានរៀល
-ជាប់លេខ ២ ទទួលបាន ៦០ ម៉ឺនរៀល
-ជាប់លេខ ៣ ទទួលបាន ៤០ ម៉ឺនរៀល
-ជាប់លេខ ៤ ទទួលបាន ៣០ ម៉ឺនរៀល
និងឧបត្ថម្ភកម្មវិធីចំនួន ២ លានរៀល៕