នៅរសៀលថ្ងៃសៅរ៍ ៨កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងសប្បុរសជន បានអញ្ជើញចុះសួរទុក្ខ លោក ខាំ សំអាន មេភូមិស្វាយ អាយុ៧០ឆ្នាំ ដែលកំពុងមានជំងឺប្រចាំកាយ មានទីលំនៅ នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្ដម ជាម ហុីម និងឯកឧត្ដម គួច ចំរើន បានឧបត្ថមថវិកាមួយចំនួនដល់លោកមេភូមិ ដើម្បីជួយសម្រាលបន្ទុកដល់ការព្យាបាលជំងឺ និងបានផ្តាំផ្ញើដល់លោកមេភូមិ ឱ្យព្យាយាមលេបថ្នាំតាមវេជ្ជបញ្ជាអោយបានត្រឹមត្រូវ និងទៀងទាត់ដើម្បីឆាប់បានធូរស្រាលពីជំងឺ។
ជាមួយគ្នានេះក៏មានសប្បុរសជនចូលរួមថវិកាបន្ថែមដូចជា៖
- លោកឧកញ៉ា ឡាវ កាង ២០០ដុល្លា
– លោកឧកញ៉ា សុខ សុង ២០០ដុល្លា
– លោកឧកញ៉ា គុយ ណាត ២០០ដុល្លា។
ជាការថ្លែងអំណរគុណ ក្រុមគ្រួសារលោកមេភូមិ បានជូនអំពៅមួយបាច់ដល់ឯកឧត្ដម ជាម ហុីម និងឯកឧត្ដម គួច ចំរើន ព្រមទាំងក្រុមការងារដើម្បីទទួលទានកាត់បន្ថយការស្រេកទឹកផងដែរ៕