Home / ព័ត៌មានទូទៅ / ការយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សីលា សរុបចំនួន១,០៣១គ្រួសារ

ការយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សីលា សរុបចំនួន១,០៣១គ្រួសារ

នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកាគណៈកម្មា ធិការសាខា និងសប្បុរសជនបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកកំពង់សីលា សរុបចំនួន១,០៣១គ្រួសារ ។

លោក សៅ បុរីវឌ្ឍន: អភិបាលស្រុកកំពង់សីលាបានអោយដឹងថា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយមនុស្សធម៌ចែកដល់ចាស់ជរាបានចំនួន ១៩៤គ្រួសារ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាប៉ែត ចែកខិតបណ្ណ័ជូនប្រជាពលរដ្ឋបានចំនួន ៣,៩៣៥ខ្នងផ្ទះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូរឹត១៩ ។ ដោយឡែកចំពោះប្រជាពលរដ្ឋត្រូវទទួលអំណោយពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាព្រឹកនេះ មានចំនួន ៤ឃុំ ស្មើនឹង ១,០៣១គ្រួសារ ក្នុងនោះ
-ឃុំអូរបាក់រទេះ មានចំនួន ២២០គ្រួសារ
-ឃុំកំពង់សីលាមានចំនួន ៤២២គ្រួសារ
-ឃុំចំការហ្លួងមានចំនួន ២១៣គ្រួសារ
-ឃុំស្ទឹងឆាយ មានចំនួន ១៧៦ គ្រួសារ ។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាទាំងទ្វេ សម្តេចកំពុងបន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ។
ឯកឧត្ដមបានបន្តថា ថ្វីត្បិតតែខេត្តយើងមិនរងផលប៉ះពាល់ជំនន់ទឹកភ្លៀង តែរងផលប៉ះពាល់ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងជំងឺ Covid -១៩ មិនអាចចេញទៅប្រកបការងារខាងក្រៅបាន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃដោយមើលឃើញការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋស្រុកកំពង់សីលា យើងបានគៀគរពីសប្បុរសជនលោកឧកញ៉ា លោកជំទាវ ក្រុមហ៊ុន សហគ្រាស បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា ។ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្នើសុំមកសាខាកាកបាទក្រហមខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជា ពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រ មានដូចជា ស្រុកព្រៃនប់ ក្រុងកោះរ៉ុង និងបន្តចែកជូនប្រជាពលរដ្ឋនៅស្រុកកំពង់សីលាចំនួន ១,០៣១គ្រួសារ ។
ឯកឧត្តម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុនសែន បានផ្តល់ថវិកា ៥ម៉ឺនដុល្លាអាមេរិក និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានផ្តល់ថវិកា ១ម៉ឺនដុល្លាអេមេរិក ដល់រដ្ឋបាលខេត្ត ចុះធ្វើអន្តរាគមន៍ជាក់ស្តែងជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងតាមសំណូមពរពីអាជ្ញាធរមូលដ្ឋាន ។ ឯកឧត្តមបានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវថែរក្សាអនាម័យជាប្រចាំដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល ហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏បានអំពាវនាវដល់មាតាបិតា អាណា ព្យាបាលទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យគ្រោះថ្នាក់ដោយសារលង់ទឹក ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
សូមបញ្ជាក់ថាអំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
-អង្ករ ២៥គីឡូក្រាម
-មី ១កេស
– ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
– ទឹកស៊ីអ៉ីវ ១យួរ = ៦ដប
-សាប៊ូ ១ដុំ
-ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១)
– ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល) ៕