ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រជុំ ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈនៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល និងចាត់ចែង ។
លោក ចេង ស្រុង ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ មានប្រសាសន៍ថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត ចាប់ផ្ដើមនៅថ្ងៃទី១៣ ខែតុលា ២០០៣ រហូតមកដល់បច្ចុប្បន្ន បានធ្វើការចុះបញ្ជីដីជូនប្រជាពលរដ្ឋ ។ ជាលទ្ធផលប្រមូលទិន្នន័យ ៤៧,០៣៣ ក្បាលដី សម្រេចចេញប័ណ្ណកម្មសិទ្ធិបាន ៣៦,១២៨ប័ណ្ណ និងចែកប័ណ្ណបាន ៣២,៨៣១ប័ណ្ណ និងដោះ ស្រាយទំនាស់បាន ១,០៣៧ក្បាលដី និងក្បាលដីទំនាស់ ២,០១៩ ។ ដោយឡែកឃុំអូរឧកញ៉ាហេង ចុះវាស់ក្បាលដីសរុប ៥,៦៥៩ បំពេញទំរង់បែបបទនៃការប្រមូលទន្នន័យក្បាលដីចំនួន ៥,៣៧៤ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានថ្លែងការកោតសរសើរចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចលទ្ធផល ក្នុងការចុះបញ្ជី ប្រមូលទិន្នន័យក្បាលដី និងអ្នកកាន់កាប់ដី ដែលកំពុងអនុវត្តចុះកំណត់ព្រំ វាស់វែង ផ្សព្វផ្សាយ កំណត់តំបន់វិនិច្ឆ័យ ភូមិអូរឧកញ៉ាហេង ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់ថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក ដែលកំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់គ្រងដីធ្លី។ ទាំងនេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះឱ្យទទួលបានជោគជ័យ៕