ព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រក ចេញចូលតែមួយខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សីលា ដោយមានការចូល រួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងការិយាល័យចំណុះសាលាខេត្ត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំ ដោយគូសបញ្ជាក់ថា យើងនៅមានបញ្ហាប្រឈមខ្លះ ដែលត្រូវចូលរួមកែសម្រួលនូវចំណុចខ្វះខាតក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។
ទន្ទឹមនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យដល់អង្គភាពច្រកចេញចូលតែមួយខេត្ត ដើម្បីគ្រប់គ្រង តាមដាន និងជម្រុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបានបង្កើតកម្មវិធី(owsu cambodia app) ត្រួតពិនិត្យចរន្តឯកសារ ដាក់ដំណើរការលើទូរស័ព្ទស្មាតហ្វូន សម្រាប់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណើរ ចូលទៅតាមដាន ឯកសាររបស់គាត់ ថាតើដំណើរការទៅដល់ណា និងបញ្ចប់នៅពេលណា បន្ទាប់ពីម្ចាស់សំណើរបានបំពេញបែបបទ និងបានដាក់ស្នើសុំសេវាចូលអង្គភាពច្រកចេញចូលតែមួយខេត្តរួចមក។
ឯកឧត្តម ក៏បានថ្លែងការកោតសរសើរដល់មន្ទីរ អង្គភាពដែលបានទទួលសេវា និងបានផ្តល់សេវាបញ្ចប់ទាន់ពេលវេលាតាមការស្នើសុំរបស់ប្រជាពលរដ្ឋ។ ក្នុងនោះមន្ទីរដែលនៅសេសសល់សេវា ត្រូវខិតខំពន្លឿនការដោះស្រាយការកកស្ទះសេវាឱ្យបានទាន់ពេលវេលា។ ដោយឡែកមន្ទីរដែលមិនទាន់មានសេវា ត្រូវអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ រួមគ្នាជំរុញកែលម្អការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អ និងបានទាន់ពេលវេលា។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងពីការបែងចែកប្រាក់អត្ថប្រយោជន៍ដល់មន្ត្រីបំរើសេវានៅអង្គភាពច្រកចេញចូលតែមួយ ដើម្បីលើកទឹកចិត្តដល់មន្ត្រីនៅក្នុងអង្គភាពច្រកចេញចូលតែមួយ ឱ្យខិតខំបំពេញការងារជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត៕