រសៀលថ្ងៃច័ន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមរត់ដើម្បីសប្បុរសធម៌ ប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចូលជួបសំដែងការគួរសមនៅសាលាខេត្តព្រះសីហនុ ។
លោក អ៊ួន បឋម ប្រធានក្រុមយុវជនរត់ម៉ារ៉ាតុងបានឱ្យដឹងថាការរត់ដើម្បីសប្បុរសធម៌នេះត្រូវឆ្លងកាត់ ២១ខេត្ត-ក្រុង ទូទាំងប្រទេស ដែលមានប្រវែងផ្លូវ ២,៤០០គីឡូម៉ែត្រ ក្នុង រយៈពេល ៩៩ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ស្ពឺ តាកែវ កំពត ខេត្តព្រះសីហនុ និងបន្តទៅកាន់ខេត្តគោលដៅផ្សេងទៀត ក្នុងគោលបំណង៖
១. រ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
២.ប្រើប្រាស់ផ្លូវ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយចូលរួមគោរពច្បាប់ចរាចរណ៍
៣.ផ្សព្វផ្សាយអោយប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន និងទុកដាក់សំរាមដោយខ្លួនឯង
៤.ឱ្យយុវជនចូលរួមក្នុងការងារសង្គមទាំងអស់គ្នា ។
៥.ចង់អោយយុវជនយល់ថាសង្គមនេះជារបស់យើងទាំងអស់គ្នាដូចនេះត្រូវរួមគ្នាថែរក្សា និងការពារ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ ចំពោះក្រុមយុវជន ដែលមានគំនិតផ្តួចផ្តើមរត់ចម្ងាយ គៀងគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្ត សូមកោតសរសើរនូវគំនិតរៀបចំប្រកបដោយឆន្ទៈ ក្នុងការគៀរគរថវិកា ការអប់រំតាមដងផ្លូវ ស្ដីពីច្បាប់ចរាចរណ៍ សំរាម និងបរិស្ថាន ។ រដ្ឋបាលខេត្តក៏បានជួយផ្សព្វ ផ្សាយដល់សប្បុរសជនក្នុងខេត្តដើម្បីចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ជាពិសេសធ្វើឱ្យយុវជនយើងមានការយល់ដឹងកាន់តែច្រើនកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ការ បោះចោលសំរាម និងបញ្ហាបរិស្ថានជាដើម ។
ឯកឧត្តម គួច ចំរើន បន្តថា គំនិតផ្តួចផ្តើមគៀងគរថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្ត សៀមរាប មានសារៈសំខាន់ ហើយជឿជាក់ថា ការប្ដេជ្ញាចិត្តរបស់ក្មួយៗ នឹងទទួលបានជោគជ័យរួមចំណែកជួយដល់កុមារកម្ពុជា ហើយជាការងារជួយដល់សង្គម ។ យុវជន និងពលរដ្ឋរបស់យើងក្នុងក្របខណ្ឌទូទាំងប្រទេសកាន់តែយល់ដឹង និងជួយគាំទ្រកាន់តែច្រើនបន្ថែមទៀត ។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមបរិច្ចាកថវិកា ១០លានរៀល និងសប្បុរសជនក្នុងខេត្ត ក៏បានចូលរួមថវិកាមួយ ចំនួនទៀត ដល់ក្រុមយុវជនរត់ម៉ារ៉ាតុង ដើម្បីរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ផងដែរ ។