ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយសប្បុរសធម៌ពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុនចំនួន ៦ មានមី និងថវិកា ឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីធ្វើការចែកជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ និងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់នឹងជំងឺ Covid-១៩ ក្នុងខេត្តព្រះសីហនុ ព្រមទាំងថ្លែងអំណរគុណដល់លោកឧកញ៉ា ដែលបានចូលរួមបរិច្ចាកដីសម្រាប់ធ្វើការបើកពង្រីកផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួលចរាចរណ៍កកស្ទះក្នុងក្រុងព្រះសីហនុកន្លងមក និងទៅពេលខាងមុខសកម្មភាព ទឹកចិត្ត និងកាយវិការដ៍ល្អប្រពៃរបស់បងប្អូនសប្បុរសជន និងប្រជាពលរដ្ឋបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសង្គម និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ។
ឯកឧត្តម គួច ចំរើន សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននឹងបន្តសកម្មភាពមនុស្សធម៌ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៍ដូចជាអាជ្ញាធរខេត្តនក្នុងការជួយសង្គ្រោះជនរងគ្រោះ និងចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ រីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ ។
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី និងក្រុមហ៊ុន Cambodia Energy Limited សរុបមាន មី ១៥០កេសធំ និងថវិកា ១១,៥០០ដុល្លាអាមេរិក ៕