ព្រឹកថ្ងៃសុក្រ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា លោកស្រីអភិបាលរងខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន មន្ទីរកិច្ចការនារី អាជ្ញាធរក្រុងព្រះសីហនុ បាននាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងមក បន្សល់ទុកកូនប្រុស ស្រីចំនួន ០៣នាក់ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចូលរួមរំលែកទុកគ្រួសារក្មួយៗ ដែលបានបាត់បង់ម្តាយព្រមទាំងបានផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ពិសេស សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិសេសកុមារកំព្រាគ្មានទីពឹង ។
ក្នុងឱកាសនោះ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ក៍បានផ្តាំផ្ញើក្មួយទាំងបីថាប្រធានគណ:កម្មាធិការសាខានិងជួយគាំទ្រក្មួយ ប្រសិនបើគ្មានសាច់ញាតិគ្រប់គ្រង សូមទាក់ទងមកមន្ទីរសង្គមកិច្ច ដើម្បីជួយសម្រួលជីវភាពឱ្យក្មួយស្នាក់ នៅរៀនសូត្រនៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ រហូតក្មួយៗមានលទ្ធភាពអាចរកការងារធ្វើចិញ្ចឹមជីវិត ។
អំណោយឧបត្ថម្ភរបស់សាខាកាកបាទក្រហមខេត្ត ចូលរួមបុណ្យសពរួមមាន ៖ អង្ករ ( ៥០គីឡូក្រាម ) ត្រីខ ១យួរ មី ១កេស ប្រេងឆា ១កាដុង ទឹកស៊ីអីវ ១យួរ តង់ ១ ខោអាវ ១កញ្ចប់ ថ្នាំដុះធ្មេញ២ ច្រាសដុះធ្មេញ២ ស្បែកជើង ២គូរ ទឹកសុទ្ធ ២កេស សាប៊ូកក់សក់២ដប សាប៊ូដុសខ្លួន២ដុំ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ មុង១ ) និងថវិកាចំនួន ១លានរៀល ៕