ព្រឹកថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ លោក ជំទាវ ឃួន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីផ្សព្វផ្សាយស្តីពីសាលាគំរូ និងសាលាមេត្រីបរិស្ថានក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ លោកនាយក នាយិការ និងលោកគ្រូ អ្នកគ្រូផងដែរ។
លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថាខេត្តមានសាលាចំនួន១០១ មត្តេយ្យ១ បឋមសិក្សា៧២ អនុវិទ្យាល័យ១៨ វិទ្យាល័យ៩ និងសាលាគរុកោសល និងវិក្រឹតការ១ ។គោលបំណងនៃសាលាគំរូ សាលាមេត្រីបរិស្ថានត្រូវបានធ្វើការផ្សព្វផ្សាយ ឆ្លើយតបទៅនឹងចតុស្តម្ភនៃការអប់រំរបស់ក្រសួង ឱ្យសិស្សមានចំណេះដឹង ចំណេះធ្វើមានឥរិយាបថល្អ ចេះយោគយល់អធ្យាស្រ័យគ្នា ប្រកបដោយសេចក្ដីសុខ និងមានការអភិវឌ្ឍផ្នែកចំណេះដឹង ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា គោលដៅសាលារៀនគំរូ សាលាមេត្រីបរិស្ថាន ត្រូវបានកំណត់ដោយសួចនាករ ដើម្បីធ្វើការប្រកួតប្រជែងជាមួយថ្នាក់ជាតិ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ម្យ៉ាងទៀតឆ្លើយតបនឹងការអប់រំនៅសតវត្សទី២១ គឺអប់រំសិស្សឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាព្រោះសាលាជាថ្នាលបណ្តុះចំណេះដឹង ចំណេះធ្វើ លោកនាយក នាយិការត្រូវរៀនសូត្រពីកន្លែងផ្សេងដើម្បីប្រែក្លាយសាលាទៅជាសាលាគំរូ សាលាមេត្រីបរិស្ថាន យើងត្រូវមានឆន្ទ:ក្នុងកាទទួលខុសត្រូវ និងតម្លាភាពជាគំរូល្អដល់សិស្សហើយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធចូលរួមគាំទ្រត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ ។
លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ប្រទេសជឿនលឿនត្រូវការធនធានមនុស្សផ្នែកវិន័យ និងការអប់រំការបណ្តុះបណ្តាលធនធានមនុស្សទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ។
លោកជំទាវ ក៍បានកោតសរសើររដ្ឋបាលខេត្ត តែងតែជួយលើការងារអប់រំហើយការផ្សព្វផ្សាយស្តីពីសាលាគំរូ សាលាមេត្រីបរិស្ថាននៅខេត្តព្រះសីហនុ ដោយជ្រើសរើសយកសាលាចំនួន២០ ក្នុងចំណោមសាលា១០១ ធ្វើការប្រឡង ប្រណាំង ដូច្នេះលោកនាយក នាយិការត្រូវមានគំនិតឆ្នៃប្រឌិតនៃសក្ខុវិស័យប្រកបដោយការទទួលខុសត្រូវ មានតម្លាភាព ត្រួតពិនិត្យតាមដាន វាយតម្លៃក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់សម្តេចតេជោមាន ៥ចំណុចសំខាន់: ភាពស្អាត មានរបៀប សុភាពរាបសារ ទៀងពេល និងមានសមាធិរ ។លោកជំទាវសង្ឃឹមថា លោកនាយក នាយិការ ខិតខំបំពេញនូវសូចនាករទាំងនេះ ធ្វើការប្រឡងប្រណាំងតាមសាលារៀងៗខ្លួនឱ្យទទួលលទ្ធផលផ្លែផ្កានាពេលខាងមុខ ៕