Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន

ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធានមន្ទីរពាក់ព័ន្ធ និងប្រធានសភាពាណិជ្ជកម្មផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ឯកឧត្ដមឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរី ដោយគូសបញ្ជាក់ថាសឹង្ហបុរី ជាស្ថាបនិកបង្កើតអាស៊ាន ហើយកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយសឹង្ហបុរី តាំងពីសម័យព្រះបរមរតនកោដ្ឋមកម្លេះ ព្រមទាំងបានជម្រាបជូនពីស្ថានភាពភូមិសាស្រ្ត និងសក្តានុពលរបស់ខេត្តព្រះសីហនុផងដែរ។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាកសាងផ្លូវចំនួន ៣៤ខ្សែ នឹងត្រូវបញ្ចប់ការស្ថាបនានៅចុងខែមេសា ឆ្នាំ២០២១ខាងមុខនេះ និងការស្ដារអូរ ប្រឡាយក្នុងក្រុងព្រះសីហនុផងដែរ។
ឯកឧត្តមបន្តថា បច្ចុប្បន្នខេត្តមានកំពង់ផែទឹកជ្រៅអាចឱ្យនាវាដឹកជញ្ជូនចូលចតដែលមានជម្រៅទឹក ៨,៥០ម៉ែត្រ ។ រាជរដ្ឋាភិបាលមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍន៍កំពង់ផែ ដើម្បីបង្កើនសមត្ថភាពឱ្យនាវាមានជម្រៅទឹកជ្រៅអាចចូលចតបាន និងធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនប្រកួតប្រជែងមានការធ្លាក់ចុះ។ ធ្វើការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពីកម្រិតអាចឱ្យយន្តហោះ 3E ទៅ4E និងពង្រីកផ្លូវរត់រហូតដល់ ៣.២០០ម៉ែត្រ។ ខេត្តព្រះសីហនុ បានផលិតថាមពលអគ្គិសនីចែកចាយទៅបណ្ដាញជាតិ បច្ចុប្បន្នខេត្តផលិតថាមពលអគ្គិសនីបាន ១.០០០មេហ្គាវ៉ាត់ ហើយការប្រើប្រាស់ក្នុងខេត្ត ក្នុងរង្វង់តែ ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះ។ បញ្ហាទឹកស្អាត ដោយសារឆ្នាំកន្លងមកជួបបញ្ហាប្រឈមដោយសារកំណើនអ្នកវិនិយោគមកយ៉ាងកំហុគ ក៏ប៉ុន្តែមកដល់បច្ចុប្បន្នយើងផលិតទឹកស្អាតបានរហូត ១០ម៉ឺនម៉ែត្រគូប ហើយបរិមាណទឹកប្រើប្រាស់សព្វថ្ងៃត្រឹមតែ ៧ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនផលិតទឹកស្អាតរហូត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថាខេត្តព្រះសីនុជាតារារះនាទិសនារតី ដោយផ្ដើមចេញពីឆ្នេរសមុទ្រសស្អាត ខ្យល់ អាកាសបរិសុទ្ធ គួបផ្សំនឹងសក្តានុពលដ៏សម្បូរបែបក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុមានការកើនឡើង។
ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ក៏ដូចជាមន្ត្រីរាជការដែលបានចំណាយពេលវេលាអនុញ្ញាតឱ្យលោកចូលជួបពិភាក្សាឈ្វេងយល់អំពីការអភិវឌ្ឍន៍ និងភាពរីកចំរើនរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្នម្យ៉ាងទៀតឆ្នាំនេះជាខួបការទូតទី៥៥ រវាងសឹង្ហបុរី និងកម្ពុជាដែលមានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម ការចែករំលែកចំណេះដឹងជាដើម ។ល។ ក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងសឹង្ហបុរី និងកម្ពុជាមាន ៤,៨ពាន់លានដុល្លា និងឆ្នាំ២០១៩ មាន ៤,២ពាន់លានដុល្លា ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២០ មាន ២ពាន់លានដុល្លា ។
ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំប្រទេសកម្ពុជា សង្ឃឹមថានៅពេលដែលវិបត្តិកូវីដ-១៩ ត្រូវបានបញ្ចប់នោះ អ្នកវិនិយោគសឹង្ហបុរីនឹងមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុកាន់តែច្រើនឡើងថែមទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបុរី ចង់ឃើញតំបន់ដែលយើងធ្វើការអភិវឌ្ឍន៍រួមគ្នា និងសង្ឃឹមថានៅពេលកូវីដ-១៩ ត្រូវបានបញ្ចប់ នឹងមាននាវាទេសចរណ៍ធំៗយ៉ាងច្រើនចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតផងដែរ៕