Home / ព័ត៌មានទូទៅ / ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ

ការអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ

នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ២០៤គ្រួសារ មកពីឃុំព្រៃនប់ ១២គ្រួសារ ឃុំទួលទទឹង ៥៥គ្រួសារ ឃុំអណ្តូងថ្ម ៨៧គ្រួសារនិងឃុំសំរុង ៥០គ្រួសារ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណ:កម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
ជាមួយគ្នានោះ លោកជំទាវ សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតធម្មជាតិដូចជា ជំនន់ទឹកភ្លៀង ខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ រលកសមុទ្រធំៗ ជាដើម។ ទន្ទឹមនឹងនេះ លោកជំទាវក៏សូមបងប្អូនប្រជាពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមានត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖ អង្ករ ២៥ គីឡូ មី ១កេស ទឹកស៊ីអ៊ីុវ ១យួរ ឃីត ១កញ្ចប់(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា៥ ម៉ឺនរៀល ។