ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ លោកស្រីអភិបាលរងស្រុកព្រៃនប់ និងក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី ផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា រដ្ឋបាលខេត្តចង់ឃើញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ក្រុមហ៊ុនត្រូវរៀបចំប្លង់គោលនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ផ្តល់សក្តានុពលដល់ការអភិវឌ្ឍ ដើម្បីប្រើប្រាស់ប្រយោជន៍រួម ទន្ទឹមនោះត្រូវពិនិត្យសាវតារអ្នកកាន់កាប់ដីឱ្យបានត្រឹមត្រូវ ។ ក្រុមហ៊ុនត្រូវគោរពតាមប្លង់មេរបស់ខេត្តព្រះសីហនុ ព្រោះការអភិវឌ្ឍត្រូវពិនិត្យមើលប្រភពទឹក ភ្លើង ផ្លូវ និងអាងប្រព្រឹត្តកម្មដើម្បីបំរើឱ្យការងារអភិវឌ្ឍន៍ប្រកបដោយតម្លាភាព រក្សាធនធានធម្មជាតិ និងបរិស្ថានល្អក្នុងតំបន់។
លោក Fu Xian Ting អគ្គនាយកក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីរេឡុបមេន ខមភេនី បានបញ្ជាក់ថាក្រុមហ៊ុនបានសុំសិទ្ធវិនិយោគនៅឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបានធ្វើការកែសម្រួលប្លង់មេសម្រាប់ផែនកាមេនៃតំបន់ឆ្នេរមាស ឆ្នេរប្រាក់ មកជាទម្រង់អភិវឌ្ឍន៍រចនាសម្ព័ន្ធនៃការអភិវឌ្ឍន៍ “ទីក្រុងជាយ” នៃផែនការដើមតំបន់ឆ្នេរប្រាក់ បានកែសម្រួលមកជាទម្រង់អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ”អ័ក្ស១ ខ្សែតំបន់ ២ អនុតំបន់ ៤”។រចនាសម្ព័ន្ធនិងមុខងារនៃការកែសម្រួលបង្ហាញពីលក្ខណៈពិសេសនៃ”ពហុតំបន់វិមជ្ឈការ” ។ដីប្រើប្រាស់សម្រាប់ការអភិវឌ្ឍបែងចែកជាប្រភេទផែនការនៃប្រទេសជឿនលឿនដោយបែងចែកជា៨ប្រភេទធំៗនិង ២៦ប្រភេទបន្ទាប់បន្សំដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការអភិវឌ្ឍ។ បណ្តាញផ្លូវ ផ្អែកលើការវិភាគភូមិសាស្ត្រយ៉ាងត្រឹមត្រូវ ក្រុមហ៊ុនបានប្តូរបណ្ដាញផ្លូវដែល”ចេញពីចំណុចកណ្ដាល”មកជា”បណ្តាញផ្លូវហ៊ុមព័ទ្ធតំបន់ភ្នំធម្មជាតិ” មានប្រវែងសរុបកើនឡើង ៤០ភាគរយ បើប្រៀបធៀបនឹងផែនការដើម។