ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោចខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២០២០ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន ។ រាជរដ្ឋាភិបាលបានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រទេសគឺកត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍជំុរុញកំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតអគ្គិសនីក៍បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់។ ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។ បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តព្រះសីហនុ តែខេត្តផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់ ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ ទោះបីការអភិវឌ្ឍផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ពេលវេលា ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបើកកិច្ចប្រជុំថាការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុកបរិមាណការប្រើប្រាស់អគ្គិសនីមានការកើនឡើង ចំណុចសំខាន់យើងត្រូវធ្វើការដោះស្រាយអគ្គិសនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកវិនិយោគ ។ព្រមទាំងស្នើសុំឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថាប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការនៅពេលខាងមុខ ៕