នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងសមាគមទូកទេសចរណ៍ ផងដែរ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការទប់ស្កាត់នៅតាមមាត់ច្រកព្រលានយន្តហោះ ក៏ដូចជានៅតាមច្រកព្រំដែននានាទទួលបានលទ្ធផលល្អ ថ្វីត្បិតតែវាមាន ការលំបាកដល់ក្រុមការងាររបស់យើងនៅតាមមាត់ច្រកក៏ដោយ តែប្រជាពលរដ្ឋក្នុងស្រុក និងមន្ត្រីរាជការមានទំនុកចិត្តមិនមានការឆ្លងរាលដាលជំងឺ Covid-១៩ នៅក្នុងសហគមន៍ គឺមានតែការនាំចូលមកពីខាងក្រៅប្រទេស ។
ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍បើកកិច្ចប្រជុំថាដើម្បីជំរុញការអនុវត្តវិធានការសុវត្ថិភាព និងការលើកកំពស់គុណភាពទេសចរណ៍តំបន់ឆ្នេរ និងតំបន់ឦសាន ក្រុមការងារបានចុះត្រួតពិនិត្យ និងជម្រុញ ការអនុវត្តសុវត្ថិភាពទេសចរណ៍ ពិសេសពិនិត្យលើវឌ្ឍនភាពការងាររបស់មន្ទីរទេសចរណ៍ ដែលជាសេនាធិការឱ្យរដ្ឋ បាលខេត្ត ដើម្បីដាក់ចេញនិងលើកទិស ដៅអនុវត្តនៅពេលខាងមុខ ។
ឯកឧត្តមបន្តថា យោងតាមប្រធានអង្កការទេសចរណ៍ពិភពលោកបានឱ្យដឹងថាជំងឺ Covid-១៩ បានធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យទេសចរណ៍អូសបន្លាយបន្តទៀតទាមទារឱ្យយើងគិតគូរពីយុទ្ធសាស្ត្រការអនុវត្តវិធានការទេសចរណ៍ និងការលើកកម្ពស់គុណភាពវិស័យទេសចរណ៍ ។ក្រុមការងារទេសចរណ៍ត្រូវចុះពិនិត្យវិធានការទេសចរណ៍នៅលើមូល ដ្ឋានទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនដោយគិតគូរពីសុវត្ថិភាពទេសចរណ៍ និងគុណ ភាពទេសចរណ៍បែបទម្លាប់ថ្មី ។ យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ គឺលើក ស្ទួយវិស័យទេសចរណ៍ពីតំបន់សុវត្ថិភាពមួយមកតំបន់សុវត្ថិភាពមួយទាមទារឱ្យគ្រប់ភាគីចូលរួមអនុវត្តនូវវិធានការសុវត្ថិ ភាព និងគុណភាពទេសចរណ៍ ។ បច្ចុប្បន្នក្រសួងទេសចរណ៍បានដាក់ចេញនូវវិធានការសុវត្ថិភាពទេសចរណ៍ទាមទារឱ្យមន្ទីរអង្គភាពពាក់ព័ន្ធនានាចូលរួមអនុវត្តរួមគ្នា ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍អន្តរជាតិ ប្រសិនបើយើងមិនបានត្រៀមអនុវត្តវិធានការសុវត្ថិភាព និងគុណភាពទេសចរណ៍នៅពេលបញ្ចប់ Covid យើងមានអាចទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តបានទេ ព្រោះវិស័យទេស ចរណ៍ជាមាសបៃតងក្នុងការជួយបង្កើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ។ ដូច្នេះប្រតិបត្តិករទេសចរណ៍ត្រូវពង្រឹងសមត្ថភាព គុណភាពទេសចរណ៍ឱ្យបានទាន់ពេលវេលា យើងត្រូវចាប់យកឱកាសនេះ ប្រសិនបើយើងមិនបានគិតគូរទុកមុន យើងនឹងបាត់បង់ឱកាសជាក់ជាមិនខាន ។
លោកស្រី ស៊ុយ ស្រីមុំ អនុប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងខែសីហា និងដើមខែកញ្ញានេះ ចំនួនភ្ញៀវទេសចរណ៍មកលេងកំសាន្តតាមកោះក្នុងខេត្តព្រះសីហនុ មានការធ្លាក់ចុះរហូត ៩០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដោយសារផលប៉ះពាល់ដោយសារជំងឺ Covid-១៩ និងអាកាសធាតុ ក៍ជាបញ្ហាប្រឈមមួយដែរ ៕