Home / ព័ត៌មានទូទៅ / កិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញ

កិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញ

រសៀលថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ និងមន្ត្រីអប់រំ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថានៅខេត្តព្រះសីហនុមានសាលា ១០១ ក្នុងនោះសាលាមត្តេយ្យ ១សាលា បឋមសិក្សាមាន ៧២សាលា អនុវិទ្យាល័យ ១៨សាលា វិទ្យាល័យ ៩សាលា និងសាលាគរុកោសល្យ និងវិក្រិត្យការ០១ មានសិស្សសរុបចំនួន ៤១,៩៧២នាក់ ស្រីចំនួន ២០,៧៣៨នាក់ ។ សម្រាប់ឆ្នាំសិក្សា ២០១៩- ២០២០ សិស្សថ្នាក់ទី៩ ចំណេះទូទៅ និងបំពេញវិជ្ជាសាធារណៈ និងឯកជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិមានចំនួន ២,៥៩១នាក់ ស្រី ១,២៨៦នាក់ ។
បេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៩-២០២០ មានចំនួន ១,៦៦១នាក់ ស្រី ៨៤២នាក់ ចែកចេញជាពីរផ្នែកគឺ ផ្នែកទី១ ថ្នាក់វិទ្យាសាស្រ្តមានសិស្សចំនួន ៥៣៨នាក់ ស្រី ៣០០នាក់ (ផ្នែកភាសាអង់គ្លេសចំនួន ៥៣៦នាក់ ស្រី ២នាក់ និងផ្នែកភាសាបារាំងចំនួន ២នាក់ ស្រី) និងផ្នែកទី២ ថ្នាក់វិទ្យាសាស្ត្រសង្គមមានសិស្សចំនួន ១,១២៣នាក់ ស្រី ៥៤២នាក់ ។
លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថារាជរដ្ឋាភិបាលបានឱ្យក្រសួងអប់រំបើកដំណើការសាលារៀនឡើងវិញចែកចេញជា៣ ដំណាក់កាលគឺដំណាក់កាលទី១ បើកកាលពីខែសីហាឆ្នាំ២០២០កន្លងមក ដែលមានសាលា២០ ដែលបានអនុវត្តតាមស្តង់ដារបទដ្ឋានបច្ចេកទេស ដោយតម្រូវក្នុងមួយបន្ទប់មានសិស្សមិនលើស ២០នាក់ ។ ដំណាក់កាលទី២ បើកទូទាំងប្រទេសចែកចេញជាពីរ ទី១ មានខេត្តចំនួន៤ បើកគ្រប់កម្រិតសិក្សាក្នុងទីប្រជុំជនខេត្ត ដែលមិនមានហានីភ័យជំងឺ Covid-១៩ មានដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ។ ដោយឡែកខេត្តផ្សេង ទៀតបើកថ្នាក់ត្រៀមប្រឡងទី៩ និងទី១២ ។ ហើយការបើកសាលាដំណាក់កាលទី៣ គឺនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខ ទន្ទឹមនោះដែរក្រសួងអប់រំបានដាក់ចេញនូវវិធានការឱ្យសិស្សរៀនតាមប្រព័ន្ធអេឡិចត្រូនិច និងតាមបែបប្រពៃណី សម្រាប់សិស្យត្រៀមប្រឡងយកសញ្ញាបត្រ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះមន្ត្រីអប់រំ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជំរុញចុះឈ្មោះសិស្សថ្នាក់ទី១២ សិក្សាតាមប្រព័ន្ធអនឡាញបាន ១០០ភាគរយ និងចុះជំរឿនសិស្សតាមភូមិ ឃុំ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ។ ការអប់រំវាមានសារៈសំខាន់ ក៏ប៉ុន្តែបញ្ហាសុខភាព និងអាយុជីវិតមនុស្សវាជារឿងសំខាន់ជាង ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់នាយក នាយិកាសាលាទាំងអស់ត្រូវបន្តយកចិត្តទុកដាក់តាមដានត្រួតពិនិត្យសុខភាពសិស្សជាប់ជាប្រចាំដើម្បីយើងមានវិធានការចូលរួមទប់ស្កាត់ជំងឺ Covid-១៩ កុំឱ្យឆ្លងរាលដាលក្នុងសហគមន៍របស់យើង យើងត្រូវរស់នៅតាមបែបកន្លងថ្មី។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានផ្ដល់ម៉ាស៊ីនវាស់កំដៅចំនួន ១៣០គ្រឿង ម៉ាស ២,០០០ប្រអប់ ទឹកអាកុលចំនួន ១០០ធុង សាប៊ូលាងដៃ ២,០០០ដុំ និងកំប៉ុងបាញ់ទឹកអាល់កុល ៤,០០០ ដល់មន្ទីរអប់រំ ដើម្បីធ្វើការចែកទៅតាមសាលានានាក្នុងខេត្តព្រះសីហនុ ៕