Home / ព័ត៌មានទូទៅ / ការចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ

ការចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលឱ្យសាងសង់មន្ទីរពិសោធន៍ Covid-១៩ និងទូទៅនៅខេត្តព្រះសីហនុ ដោយឡែកចំពោះម៉ាស៊ីនយើងសិក្សាជាមួយប្រទេសជាដៃគូរ ជាពិសេសប្រទេសចិន។ ការសាងសង់មន្ទីរពិសោធន៍នៅខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់សម្រាប់ភ្ញៀវទេសចរបរទេសមកលេងកម្សាន្ត ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងវិនិយោគ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តសូមគាំទ្រគម្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅលើទឹកដីខេត្តព្រះសីហនុ ក៏ប៉ុន្តែយើងនៅរង់ចាំមានការឯកភាពប្លង់គោលជាមុនសិននៅពេលប្លង់មាន ការឯកភាពរួចរាល់ហើយនឹង ដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរបរទេស ក៍ដូចជាអ្នកវិនិយោគនៅខេត្តព្រះសីហនុ ដែលត្រូវការសេវាសុខាភិបាលជាការចាំបាច់បំផុត ៕