នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សា
នៃអង្គចៅក្រម រដ្ឋលេខាធិការប្រចាំការ និងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ ឯកឧត្ដម ជាម ហ៉ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្ដម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត លោកអភិបាលរងតំណាង ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត កោះកុង និង ខេត្តកែប រួមជាមួយនឹងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួនប្រមាណ ២០០នាក់។
នៅក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ ដោយបង្ហាញការជឿជាក់លើ
ឯកឧត្តម សុខ កល្យាណ ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ និង ឯកឧត្តម លឹម ស៊ីណាត អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ក្នុងការដឹកនាំសាលាឧទ្ធរណ៍ព្រះសីហនុ ដោយតម្កល់ផលប្រយោជន៍អង្គភាពជាធំ សំដៅធ្វើឱ្យប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌ក្នុងសមត្ថកិច្ចដែនដីរបស់ ខ្លួនធានាបាននូវការកាត់ក្ដីប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ក៏ ដូចជាលើកកម្ពស់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្អំ ដើម្បីពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ យុត្តិធម៌ ដោយខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយមនសិកាវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួម សាមគ្គីភាពជាធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗបន្ថែមទៀត ក្នុងនោះក៏ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្ដីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាពយុត្តិធម៌ត្រឹមត្រូវ ជូនប្រជាពលរដ្ឋ ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាព របស់អង្គភាពហើយក៏ជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ផងដែរ ។ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិ ក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះ កាត់” និងបាវចនាពីរគឺ ទម្រង់ខាងក្នុង និង បង្កើតមិត្តខាងក្រៅ។ ដោយស្មារតីឯករាជ្យ ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី។
ថ្លែងក្នុងពិធីនេះ ឯកឧត្ដម កើត រិទ្ធ បានសំដែងនូវការអបអរសាទរចំពោះការប្រកាសដាក់ឱ្យដំណើការសាលាឧទ្ធរណ៍ព្រះសីហនុ និងការចូលកាន់មុខតំណែងជាផ្លូវការរបស់ថ្នាក់ដឹកនាំសាលា ឧទ្ធរណ៍ព្រះសីហនុ ដោយបានបញ្ជាក់ថា «សាលាឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជាសាលាឧទ្ធរណ៍តំបន់ពីរផ្សេងទៀត គឺសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងសាលាឧទ្ធរណ៍បាត់ដំបង ត្រូវបានបង្កើតនិងដាក់ឱ្យដំណើរការជាប្រវត្តិសាស្រ្តនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ ខាងលើមកកាន់រាជធានីភ្នំពេញ»។ ទន្ទឹមនឹងការលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ ជាទិសដៅបន្ត ក្រសួងយុត្តិធម៌ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនឹងបន្តខិតខំអនុវត្តកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា សំដៅលើកកម្ពស់គុណភាពនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ និងយុតិ្តធម៌ និងស្អាតស្អំ ក្នុងគោលបំណង ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជនមកលើប្រព័ន្ធយុត្តិធម៌កម្ពុជា លើកកម្ពស់សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ចៅក្រម ព្រះរាជអាជ្ញា និងមន្រ្តីតុលាការទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់ការណែនាំ និងផ្តាំផ្ញើដល់ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ព្រមទាំងចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នៃសាលាឧទ្ធរណ៍ព្រះសីហនុ និងមហាអយ្យការអមសាលា ឧទ្ធរណ៍ព្រះសីហនុ ក៏ដូចជានៅតាមសាលាជម្រះក្តីផ្សេងទៀតនៅទូទាំងប្រទេស ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំ រឿងឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ចៀសវាងកុំឱ្យមានការបញ្ហាកកស្ទះសំណុំរឿងដែលសិ្ថតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របទៅតាមគោលដៅ ដែលក្រសួងយុតិ្តធម៌បាននិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត។