នៅរសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០
សាលាខេត្តព្រះសីហនុមានពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ និងជាតំណាងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី បានធ្វើការប្តេជ្ញាចិត្តចំនួន ៦ចំណុច រួមមាន
១.សហការ សម្របសម្រួលការងារគ្រប់គ្រង លើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយមន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យបានល្អប្រសើរ ។
២.ផ្សព្វផ្សាយ ណែនាំអនុវត្តគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់មន្ទីរជំនាញអង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានជាអាទ៍ កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងកំណែទម្រង់ប្រព័ន្ធបៀវត្ស ទាំងនេះក៏ជាកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និតិកាលទី៦ របស់រាជរដ្ឋាភិបាលផងដែរ។
៣.គ្រប់គ្រង ត្រួតពិនិត្យ និងជំរុញការប្រមូលចំណូលមិនមែនសាពើពន្ធគ្រប់ប្រភេទ របស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យអស់លទ្ធភាព ។
៤.ពង្រឹង និងបង្កើនប្រសិទ្ទភាពលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។
៥.ចូលរួមរៀបចំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តចំណូលចំណាយថវិការរបស់មន្ទីរជំនាញ អង្គភាពនានា និងរដ្ឋលបាលថ្នាក់ក្រោមជាតិ។
៦.ពង្រឹងមិត្តភាព សាមគ្គីភាពផ្ទៃក្នុង ដើម្បីប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងភាពសុខដុមរម្យនានៅក្នុងមន្ទីរ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យើងទទួលបានសមត្ថផលជាច្រើន សម្រាប់ខេត្តព្រះសីហនុរបស់យើងនេះ ប៉ុន្តែឥឡូវនេះក៍យើងមានការវិវត្តន៍បន្ថែមបន្តបន្ទាប់ទៀត អំពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន គឺពិតប្រាកដណាស់គឺសេចក្តីត្រូវការ ដើម្បីធ្វើការអភិវឌ្ឍន៍ ការគ្រប់គ្រងចាត់ចែងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិដែលរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយកំណែរទំរង់ដែលបានផ្តល់ឳកាសកាន់តែច្រើនឡើង ថែមទៀតសម្រាប់មន្ត្រី និងរដ្ឋបាលថ្នាក់ក្រោម ឲ្យមានភាពម្ចាស់ការទទួលខុសត្រូវដឹកនាំនូវការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ។
ឯកឧត្តមបន្តថា ពិតណាស់ថា ដើម្បីមានលទ្ធភាព ការកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន យើងចាំបាច់ត្រូវតែមានថវិការ ហើយថវិការនោះ ត្រូវតែមានការគ្រប់គ្រង ដែលមានការចាត់ចែងឲ្យមានតម្លាភាពទើបធ្វើឲ្យសមត្ថផលរបស់យើងវាកើតឡើង ធំធេងទៅតាមបំណងប្រាថ្នារបស់យើង ។
ឯកឧត្តមបន្ថែមទៀតថា ពិតណាស់តម្រូវការរបស់យើងគឺធំធេង ថវិការយើងមាន នូវមានកំរិត ប៉ុន្តែបើយើងខិតខំច្នៃប្រឌិត ប្រើប្រាស់នូវកញ្ចប់ថវិការនោះ ឲ្យតាមត្រឹមត្រូវ យើងនឹងបង្កើននូវសមត្ថផលនៅក្នុងមូលដ្ឋានរបស់យើង អាចថាមិនជាការឆ្លើយតបពេញលេញ ប៉ុន្តែវាផ្តល់ទំនុកចិត្តទៅដល់បង ប្អូនប្រជាពលរដ្ឋរបស់យើងគាត់បានទទួលយក នូវអ្វីដែលជាផ្លែផ្កានៅទីនេះ ពិតណាស់ថានៅខេត្តព្រះសិហនុ បានចូលរួមអភិវឌ្ឃន៍ក្រុងព្រះសីហនុនេះ ដោយផ្នែកឯកជន យើងឃើញថាមានសំណង់ អាគារ គ្រឹះស្ថាននានាត្រូវបានលិចធ្លោឡើង នៅកណ្តាលក្រុងព្រះសីហនុនេះ ក្រៅពីនោះ សំណង់សាធារណៈ ផ្លូវថ្នល់ លូប្រឡាយ យើងក៏ដឹងថាដែរ នៅតំណាក់កាលបច្ចុប្បន្ននេះ យើងកំពុងធ្វើការសាងសង់យ៉ាងច្រើនសន្ធឹបសន្ធប់នូវសមត្ថផលនេះ ដើម្បីទុកជូនប្រជាពលរដ្ឋ នៅក្នុងក្រុងព្រះសីហនុ និងជនរួមជាតិរបស់យើង និងជនបរទេស ដែលធ្វើដំណើរមកលេងកំសាន្ត បានប្រើប្រាស់ជាគុណប្រយោជន៍រៀងៗខ្លួន ។
ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសយកមកប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក«កែទម្រង់ គឺរស់ បើមិនកែទម្រង់ គឺស្លាប់»។ ក្នុងន័យនេះ ការងារកែទម្រង់ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំកម្ពុជាឈានទៅសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តមបានផ្តាំផ្ញើដល់លោក ជ័យ វិមានរិទ្ធ ដែលជាប្រធានមន្ទីរថ្មីត្រូវខិតខំអនុវត្តន៍តួនាទី ភារកិច្ច ដែលអង្គភាពប្រគល់ជូនក្នុងការធ្វើឲ្យការងារហិរញ្ញវត្ថុខេត្ត មានការរីកចម្រើន និងសហប្រតិបត្តិការល្អទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបានបន្តទៀតថា ក្រៅពីនេះត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារដឹកនាំ និងគ្រប់គ្រងអង្គភាព តាមគោលការណ៍បុរេសកម្ម ការបំពេញកាងារជាក្រុម នានាឲ្យមានតម្លាភាពប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់៕