នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
នៅក្នុងជំនួបពិភាក្សានាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើននាពេលបច្ចុប្បន្ននេះគឺក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា។ ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តមានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។ល។ ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។ ទាំងអស់នេះហើយដែលធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាពឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវ ទេសចរណ៍ជាតិអន្តរជាតិ អ្នកវិនិយោគ មកបណ្ដាក់ទុន និងលំហែកំសាន្ត។
ដោយមើលឃើញពីការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុនេះហើយទើប ឯកឧត្តម អេមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes)
ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានមកធ្វើទស្សនកិច្ចស្វែងយល់អំពីសក្តានុពល និងការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ដែលធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
ក្នុងនោះឯកឧត្តម ឯកអគ្គរដ្ឋទូត ទីម័រខាងកើត ក៏បានលើកឡើងផងដែរថា ទន្ទឹមនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនេះ ទៅថ្ងៃអនាគតក្រុងព្រះសីហនុនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។ ឯកឧត្តមបន្ថែមថាទន្ទឹមនឹងការរីកចំរើនរបស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយចំនួនមិនសប្បាយចិត្ត និងបានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលចិនបានយកខេត្តព្រះសីហនុធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះមិនមែនជាការពិតនោះឡើយ ព្រោះឯកឧត្តមបានមកធ្វើទស្សនកិច្ច និងបានចុះទៅពិនិត្យដោយផ្ទាល់។ សូមបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រខាងកើត គឺមានជាយូរមកហើយ ព្រោះប្រទេសទាំងពីរគឺមានសាវតាស្រដៀងគ្នា។
ឯកឧត្តមអគ្គរដ្ឋទូត ក៏បានសំដែងការអរគុណចំពោះឥណ្ឌូចិន ដែលមានប្រទេសកម្ពុជា ប្រទេសវៀតណាម និងប្រទេសចិន ដែលបានគាំទ្រឱ្យទីម័រខាងកើតផ្ដាច់ខ្លួន និងទាមទារបានឯករាជ្យដោយខ្លួនឯង ហើយប្រជាជនទីម័រខាងកើតមានមោទនភាពជាខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជោគជ័យមួយរូប ក្នុងការបង្រួបបង្រួមជាតិ ក្រោយពីប្រទេសកម្ពុជាមានវិបត្តិជាង ៣០ឆ្នាំ ហើយសម្ដេចបានបង្រួបបង្រួមផ្សះផ្សារជាតិរហូតធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនរហូតដល់បច្ចុប្បន្ន។ ជាពិសេសសម្ដេចបាន ដឹកនាំប្រទេសឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលសម្លាប់ប្រជាជនស្លូតត្រង់ជាងបីលាននាក់ និងបានប្រែក្លាយមកជាប្រទេសមានកំណើនសេដ្ឋកិច្ចកើនឡើង ៧ ភាគរយប្រចាំឆ្នាំគឺជាអច្ឆរិយៈមួយ ដែលប្រទេសទីម័រខាងកើតមានបំណងរៀនសូត្រពីប្រទេសកម្ពុជា ក្នុងការដឹកនាំឱ្យ ប្រទេសមានការ អភិវឌ្ឍន៍រីកចំរើនជាពិសេសដូចនៅក្រុងព្រះសីហនុនេះផងដែរ៕