ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រាបជូនឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ អំពីស្ថានភាពភូមិសាស្ត្រ និងវឌ្ឍនភាព នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា កន្លងមកមាននាវាកងទ័ពជើងទឹករបស់ថៃ ចំនួន ២៦ គ្រឿងចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយអាជ្ញាធររបស់យើងមានកិច្ចសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងបានធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បានធ្វើការវាយតម្លៃខ្ពស់លើការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក្នុងនោះដែរឯកឧត្តម បានមានប្រសាសន៍ថាខេត្តព្រះសីហនុ ជាខេត្តជាប់មាត់សមុទ្រ ប្រកបដោយសក្តានុពល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ ចូលមកកំសាន្ត និងធ្វើការបណ្តាក់ទុនរកស៊ីដែលជាផ្នែកមួយក្នុងការជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ ក្នុងនោះនៅខេត្តព្រះសីហនុ ក៏មានអ្នកវិនិយោគ ជាជនជាតិថៃមួយចំនួនបានមកបណ្តាក់ទុនរកស៊ីនៅទីនេះផងដែរ។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ បន្តការគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការបង្ការបង្រ្កាបគ្រឿងញៀន ការពារសុវត្ថិភាពលើផ្លូវសមុទ្រ និងការអភិវឌ្ឍធនធានមនុស្ស ទៅលើវិស័យនេះផងដែរ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត បានថ្លែងអរគុណដល់រដ្ឋបាលខេត្តត្រាត ដែលបានផ្តល់កិច្ចសហការក្នុងការជួយតាមស្វែងរកស្ត្រីជនជាតិអង់គ្លេស ជាអ្នកទេសចរដែលបានបាត់ខ្លួននាពេលកន្លងមកផងដែរ។