នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំរវាងគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីការ
រីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងប្រតិភូអមដំណើរ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
ក្រោមការអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន និងបានបម្រើសេវាកម្មសាធារណជនជូនពលរដ្ឋបានយ៉ាងល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាទាក់ទងនឹងបញ្ហាទំនាស់ដីធ្លី រដ្ឋបាលខេត្តបាន និងកំពុងពិនិត្យលើករណីទំនាស់នីមួយៗដើម្បីឆ្លើយតបទៅម្ចាស់សំណើ និងចាត់អាទិភាពដើម្បីដោះស្រាយ។ ឯកឧត្តមបានបន្តទៀតថាឯកសារបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពីគណ:កម្មការសិទ្ធិមនុស្សនៃរដ្ឋសភាមានចំនួន ១៩ករណី ក្នុងនោះ ក្រុងព្រះសីហនុ ៣ករណី ស្រុកព្រៃនប់ ១២ករណី ស្រុកស្ទឹងហាវ ៣ករណី និងស្រុកកំពង់សិលា ១ករណី ។
ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាសំណុំរឿងដែលកំពុងស្រាវជ្រាវ និងដោះស្រាយសម្របសម្រួល មានចំនួន ៦៨៥ ករណី ជាលទ្ធផលសម្រេចបាន ១០៦ករណីក្នុងនោះ បានដោះស្រាយ និងសម្របសម្រួលបានដោយរដ្ឋបាលខេត្ត ១៣ ករណី បានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ច ៣១ ករណី បានឆ្លើយតបទៅម្ចាស់សំណើ ៤១ករណី និងបានធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ២១ ករណី។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលខេត្តព្រះសីហនុសម្រេចបាន។ ឯកឧត្តមបាន ស្នើដល់អាជ្ញាធរខេត្តបន្តការខិតខំបំពេញ ការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកដែលនៅជិតពលរដ្ឋ៕