នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយលោក ម៉ាង សីុណេត អភិបាលរងខេត្តព្រះសីហនុ បានចុះធ្វើការផ្សព្វផ្សាយ ពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូសឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់លក់-ទិញ និងការបញ្ជាក់លើការលក់-ទិញ ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃ កោងកាង និងដីក្នុងតំបន់ការពារធម្មជាតិ រឺតំបន់គំរបព្រៃឈើ ដែលស្ថិតតំបន់អូរថ្ម ព្រំប្រទល់ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ និងតំណាងរដ្ឋបាលព្រៃឈើ។
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំឲ្យអភិបាលក្រុង-ស្រុកទាំង ៥ នៃខេត្តព្រះសីហនុធ្វើការទប់ស្កាត់ជាបន្ទាន់ នូវរាល់សកម្មភាពកាប់ទន្ទ្រានព្រៃដុត ព្រៃហ៊ុំព័ទ្ធដីព្រៃឬទិញលក់ដោយខុសច្បាប់។
លោក អភិបាលរងខេត្តបានអោយដឹងថាកន្លងមករដ្ឋបាលខេត្តបានសង្កេតឃើញ ពីសកម្មភាពនៃការឈូសឆាយ កាប់រាន គ្រៀវដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់ លក់-ទិញ និង ការបញ្ជាក់លើការលក់-ទិញ ដែលពាក់ព័ន្ធទៅនឹងដីសាធារណៈរបស់រដ្ឋដូចជា ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ នៅតែបន្តកើតមានដើម្បីយកទៅធ្វើជាកម្មសិទ្ធិ និងធ្វើការ លក់បន្តទៅតតិយជន។ ហេតុដូច្នេះ ដើម្បីធានាឱ្យបាននូវការការពារ ការគ្រប់គ្រង និងការអភិរក្សដីរដ្ឋ និង រក្សាបាននូវនិរន្តរភាពនៃផលប្រយោជន៍សាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
១. ទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់នូវរាល់សកម្មភាព ឈូសឆាយ កាប់រាន ត្រៀវដើមឈើដុត ក្នុងតំបន់ការពារធម្មជាតិ ព្រៃឈើ ទន្ទ្រាន ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីដែលស្ថិត ទិញ និងការបញ្ជាក់លើឯកសារលក់-ទិញ ដីរបស់រដ្ឋ
២.ណែនាំដល់មន្ត្រីមូលដ្ឋានជាពិសេស ភូមិ និង ឃុំ សង្កាត់ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការលក់-ទិញ និងការបញ្ជាក់លក់-ទិញ ដីរដ្ឋ
៣.ក្នុងករណីរកឃើញមានបុគ្គលដែលពាក់ព័ទ្ធនឹងសកម្មភាពខុសច្បាប់ដូចរៀបរាប់ខាងលើមន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្ដីពីព្រៃ ឈើ មាត្រា៩៧ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ប្រាំ(៥)ឆ្នាំ ទៅ ដប់(១០)ឆ្នាំ និងរឹបអូសវត្ថុតាង ទាំងអស់ជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានកាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ ដីព្រៃ គ្រៀវ បំពុល កាប់បំផ្លាញ ។
-ច្បាប់ស្ដីពីជលផល ត្រា៩៨៖ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី បី(៣)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងវត្ថុតាងទាំងអស់ ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបាន កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុំមព័ទ្ធ -ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៦២៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំ(៥)ឆ្នាំ ទៅដប់(១០)ឆ្នាំ និង ទោសពិន័យជាប្រាក់ពីដប់ប្រាំលាន (១៥.០០០.០០០)រៀល ដល់មួយរយហាសិបលាន (១៥០.០០០.០០០)រៀល ចំពោះជនដែលបានកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ។
លោកក៏បានជម្រាបជូនប្រជាពលរដ្ឋនៅទីតាំងនេះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋទាំង៥ក្រុងស្រុកក្នុងខេត្តព្រះសីហនុដែរថា សូមចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ជាមួយអាជ្ញាធរកុំអោយមានការសាងសង់ថ្មីបន្ថែមទៀត ចំពោះសំណង់ដែលបានសាងសង់ហើយសូមរក្សាដដែលរង់ចាំការសិក្សាពីអាជ្ញាធរសិន បើមិនដូច្នេះទេអាជ្ញាធរនឹងប្រើប្រាស់វិធានការក្តៅដោយមិនមានការយោគយល់ឡើយ។