រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាដំបូងខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត
ព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ យោងតាមព្រះរាជក្រឹត្យ ឯកឧត្ដម កោ វណ្ឌី ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជំនួសឯកឧត្ដម សុខកល្យាណ ដែលត្រូវទទួលតំណែងថ្មី ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។
ឯកឧត្ដម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុដែលទើបតែងតាំងថ្មី បានមានប្រសាសន៍ប្តេជ្ញាចិត្តដូចខាងក្រោម៖
១-ពង្រឹងចំណងសាមគ្គីភាពជាមួយថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃសាលាដំបូងខេត្តនិងអយ្យការអមសាលាដំបូងខេត្ត
២-គោរពវិន័យការងារដោះស្រាយបញ្ហាកកស្ទះសំណុំរឿងដោយខ្ជាប់ខ្ជួនដោយប្រកាន់ខ្ជាប់នូវយុត្តិធម៌ តម្លាភាព ឆាប់រហ័ស និងគ្មានអំពើ ពុករលួយ
៣-យកចិត្តទុកដាក់សហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរ អង្គភាព ស្ថាប័នជុំវិញខេត្ត ចូលរួមសកម្មភាពទំនាក់ទំនងសង្គមលើវិស័យអប់រំបណ្ដុះបណ្ដាលវិស័យច្បាប់ ដល់សហគមន៍និងមូលដ្ឋាន
៤-ចូលរួមយ៉ាងសកម្មលើដំណើរការដឹកនាំសម្របសម្រួលណែនាំមន្ត្រីនគរបាលយុត្តិធម៌ក្នុងការពិនិត្យនិត្យានុកូលភាពនៃការអនុវត្តច្បាប់
៥-ការពារផលប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ចំពោះជនសង្ស័យ និងជនរងគ្រោះដោយភាពមិនលំអៀង
៦-ខិតខំពង្រឹងសមត្ថភាពលើទិដ្ឋភាពច្បាប់ថ្មីៗតាមរយៈការបណ្ដុះបណ្ដាល និងស្រាវជ្រាវ
៧-ត្រៀមលក្ខណៈជាស្រេចទទួលយកការងារថ្មីដើម្បីពង្រឹងការអនុវត្តប្រព័ន្ធតុលាការយុត្តិធម៌ឲ្យកាន់តែប្រសើរឡើង។
ឯកឧត្ដម គួច ចំរើន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលនៃសាលា ដំបូងខេត្តព្រះសីហនុ ជាពិសេស ឯកឧត្តម សុខ កល្យាណ ដែល កន្លងមកតែងបានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសបានចូលរួមចំណែកយ៉ាងធំធេងធ្វើឱ្យខេត្តព្រះសីហនុធានាបាន នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សង្គមល្អប្រសើរ និង សម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗជាបន្តបន្ទាប់ក្នុងការ ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។ជាមួយគ្នានេះឯកឧត្ដមបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម កោ វណ្ឌី ដែលត្រូវបានត្រាស់បង្គាប់តែងតាំងមុខតំណែងជា ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្ត ដឹកនាំសាលាដំបូងខេត្តព្រះសីហនុ ដោយតម្កល់ផលប្រយោជន៍ អង្គភាពជាធំ សំដៅធ្វើឱ្យប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅ ក្នុងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។ ឯកឧត្ដមមានជំនឿជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានសាលាដំបូងខេត្តព្រះសីហនុ ដែលបានកំពុងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាពេលនេះ នឹងបន្តខិតខំអនុវត្ត តាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិកាវិជ្ជាជីវៈ មានការ ទទួលខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នា ជាធ្លុងមួយដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត និងជាពិសេស ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ កែទម្រង់ខាងក្នុង និង បង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ផ្តាំផ្ញើដូចខាងក្រោម៖
១-ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់ សម្តេចតេជោ ហ៊ុនសែន
២-ត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ
៣-ត្រូវចូលរួមលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរនិងកិត្យានុភាពនៃអង្គចៅក្រមដោយប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
៤-ចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលា ដំបូងរាជធានីខេត្តបានអនុវត្តភាពត្រឹមត្រូវ លឿន និងមិនពុករលួយ។