នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាការពារស្រុកព្រៃនប់ចំនួន ៣០៣នាក់។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍អំពីសកម្មភាព និងការងាររបស់បងប្អូនប្រជាការពារស្រុកដែលបានដែលតែងតែខិតខំបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងប្រយោជន៍សាធារណៈ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាការពារស្រុកថា ទោះបីជាអំណោយនេះមានចំនួនតិចតួចមិនអាចបំរើសេចក្តីត្រូវការរបស់បងប្អូនបានយូរអង្វែងក៌ពិតមែន ក៌ប៉ុន្តែនេះគឺជាការលើកទឹកចិត្តដល់បងប្អូន ដែលបានខិតខំចូលរួមជាមួយនឹងរដ្ឋបាលស្រុក រដ្ឋបាលខេត្ត ក្នុងការរៀបចំឱ្យមានសោភ័ណភាព និងបរិស្ថានល្អ ព្រោះខេត្តព្រះសីហនុ គឺជាខេត្តគោលដៅពហុបំណង និងមានសក្តានុពលលើវិស័យទេសចរណ៍ជាចម្បង ដែលរាជរដ្ឋាភិបាល ក៌ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តព្រះសីហនុកំពុងយកចិត្តទុកដាក់ ជាពិសេសផ្នែកអនាម័យបរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីបំរើដល់វិស័យទេសចរណ៍របស់ខេត្តយើង។
នៅក្នុងនោះផងដែរ ឯកឧត្តមអភិបាលខេត្តក៌បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុចូលរួមថែរក្សានិងការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាសមិទ្ធិផលថ្មីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃឲ្យបានញឹកញាប់ជាពិសេសត្រូវលាងដៃជាមួយសាប៊ូឬទឹកអាគុលដើម្បីការពារកុំអោយឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានផ្សព្វផ្សាយពីការអនុវត្ត កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អំណោយឧបត្ថមដល់ប្រជាការពារទាំងអស់នូវរួមមាន៖
– អង្ករ២៥គីឡូក្រាម/ ម្នាក់
– ទឹកក្រូច ០២កេស/ ម្នាក់
– ត្រីខ ០១យួរ/ ម្នាក់
– ថវិកា ៥០.០០០រៀល/ ម្នាក់ ។
ក្នុងឱកាសនោះឯកឧត្ដមបានផ្តល់ជូនTablet ដល់មេឃុំទាំង១៥ ក្នុងស្រុកព្រៃនប់ និងបានចែកជូនប័ណ្ណសមធម៌ ដល់មេឃុំទាំងអស់ដើម្បីផ្តល់ជូនបន្តទៅកាន់ប្រជាពលរដ្ឋតាមឃុំរៀងៗខ្លួនផងដែរ។