Home / ព័ត៌មានទូទៅ / ការសំណេះសំណាលជាមួយបងប្អូនជាបុគ្គលិកសម្អាតអានាម័យក្រុងនិងប្រជាការពារក្នុងក្រុងព្រះសីហនុ

ការសំណេះសំណាលជាមួយបងប្អូនជាបុគ្គលិកសម្អាតអានាម័យក្រុងនិងប្រជាការពារក្នុងក្រុងព្រះសីហនុ

នៅរសៀលថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាបុគ្គលិកសម្អាតអានាម័យក្រុងចំនួន២៥ នាក់និងប្រជាការពារក្នុងក្រុងព្រះសីហនុចំនួន ៤១១នាក់ នៅសាលាក្រុងព្រះសីហនុ។

លោក អីុ សុខឡេង អភិបាលក្រុងព្រះសីហនុ បានធ្វើរបាយការណ៍អំពីសកម្មភាព និងការងាររបស់បងប្អូន ដែលជាបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារក្រុង ដែលបានខិតខំបំពេញការងារជារៀងរាល់ថ្ងៃក្នុងការសំអាតអនាម័យនៅតាមទីសាធារណៈ តាមទីប្រជុំជន ក៌ដូចជាតាមតំបន់ឆ្នេរ និងរៀបចំសណ្ដាប់ធ្នាប់ ដើម្បីធ្វើយ៉ាងណាឱ្យក្រុងព្រះសីហនុមានសោភ័ណភាព និងសណ្ដាប់ធ្នាប់ល្អ ក្នុងការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារក្រុងថា ទោះបីជាអំណោយនេះមានចំនួនតិចតួចមិនអាចបំរើសេចក្តីត្រូវការរបស់បងប្អូនបានយូរអង្វែងក៌ពិតមែន ក៌ប៉ុន្តែនេះគឺជាការលើកទឹកចិត្តដល់បងប្អូន ដែលបានខិតខំចូលរួមជាមួយនឹងរដ្ឋបាលក្រុងរដ្ឋបាលខេត្ត ក្នុងការរៀបចំឱ្យមានសោភ័ណភាព និងបរិស្ថានល្អ របស់ខេត្តយើងព្រោះខេត្តព្រះសីហនុគឺជាខេត្តគោលដៅពហុបំណង និងមានសក្តានុពលលើវិស័យទេសចរណ៍ជាចម្បង ដែលរាជរដ្ឋាភិបាល ក៌ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តព្រះសីហនុកំពុងយកចិត្តទុកដាក់ ជាពិសេសផ្នែកអនាម័យបរិស្ថាន និងការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដើម្បីបំរើដល់វិស័យទេសចរណ៍របស់ខេត្តយើង។
នៅក្នុងនោះផងដែរឯកឧត្តមអភិបាលខេត្តក៌បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុចូលរួមថែរក្សានិងការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាសមិទ្ធិផលថ្មីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃឲ្យបានញឹកញាប់ជាពិសេសត្រូវលាងដៃជាមួយសាប៊ូឬទឹកអាគុលដើម្បីការពារកុំអោយឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ។
នៅក្នុងឱកាសនោះដែរគឺបងប្អូនបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារក្រុង ក្នុងម្នាក់ៗទទួលបានអំណោយរួមមានអង្ករ ២៥ គីឡូក្រាម ទឹកក្រូច ២ កេស ត្រីខ ចំនួន ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។
ហើយក្នុងនោះឯកឧត្តមក៌បានចែកជូននូវប័ណ្ណក្រីក្រជូនដល់ចៅសង្កាត់ទាំង៤ ដើម្បីយកទៅផ្តល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានរៀងៗខ្លួនផងដែរ។