ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យ និងប្រមូលធាតុចូលសម្រាប់គម្រោងគាំទ្របច្ចេកទេសកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីតំបន់បឹងកង្កែបមានទំហំ ១៦១ហិកតា ស្ថិតនៅភូមិអុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ និងមន្ទីរ អង្គភាព ពាក់ព័ន្ធផងដែរ ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលាផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ដីតំបន់បឹងកង្កែប មាន ៤ចំណុចសំខាន់ៗមានដូចជា
ទី១.ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ
ទី២.មន្ទីរធនធានទឹក
ទី៣.តំបន់ព្រៃលិចទឹកនៅជំុវិញបឹងកង្កែប
ទី៤.ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់មានប្រសាសន៍បើកសិក្ខាសាលាថា គោលបំណងនៃសិក្ខាសាលាសិក្សា និងគាំទ្របច្ចេកទេសរៀបចំប្លង់គោលប្រើប្រាស់ដីតំបន់បឹងកង្កែប ស្របតាមគោលនយោបាយក្របខ័ណ្ឌគតិយុត្ត និងនីតិវិធីជាធរមាន ធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍ និងអភិរក្សនគរូបនីយកម្មប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ។ ចក្ខុវិស័យនៃការអភិវឌ្ឍខេត្តព្រះសីហនុ ដែលបានធ្វើសមាហរណកម្មជាមួយខេត្តដទៃទៀត មានដូចជា រាជធានីភ្នំពេញជាប៉ូលទី១ ខេត្តសៀមរាបជាប៉ូលទី២ ខេត្តព្រះសីហនុជាប៉ូលទី៣ និងប៉ូលទី៤ តំបន់ភូមិភាគឥសាន្ត និងការសិក្សាប្លង់គោលប្រើប្រាស់ដី ក្រុងព្រះសីហនុ ។
ឯកឧត្តមបន្តថា ការអភិវឌ្ឍបឹងបង្កែប អភិវឌ្ឍន៍ប្រកបដោយភាពឆ្លាតវៃដោយធ្វើការអភិវឌ្ឍត្រឹមត្រូវសម្រាប់កូនចៅជំនាន់ក្រោយ និងបរិយាបន្ន ការចូលរួមប្រកបដោយភាពរីកចម្រើនទាំងអស់គ្នានៅជុំវិញបឹងកង្កែប។ ការអភិវឌ្ឍបៃតង កិច្ចការពារធម្មជាតិ និងបរិស្ថាន ការពារសិទ្ធិ និងផលប្រយោជន៍សាធារណៈ និងឯកជនក្នុងការអភិវឌ្ឍ អភិរក្ស ការសាងសង់ ធានាតុល្យភាពនៃការអភិវឌ្ឍ និងអភិរក្សព្រមទាំងទំនាក់ទំនងរវាងបឹងកង្កែប និងតំបន់ជុំវិញ ដោយផ្អែកលើកត្តាភូមិសាស្ត្រ និងលក្ខណៈពិសេសក្នុងតំបន់ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អការអភិវឌ្ឍ និងការអភិរក្ស ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងតំបន់ និងជុំវិញ ដោយកំណត់ទិសដៅច្បាស់លាស់អំពីការអភិវឌ្ឍ និងការអភិរក្ស តំបន់បឹងកង្កែបនៅពេលអនាគតប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាបន្ន ។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិកាក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា ការវិភាគទិន្នន័យ និងកំណត់សេណារីយូប្លង់គោលប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងការអភិរក្សតំបន់បឹងកង្កែប មានគម្រោងអភិវឌ្ឍន៍ធំៗចំនួន៣
ទី១.គម្រោងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។
ទី២.គម្រោងអភិវឌ្ឍតំបន់ទេសចរណ៍នាគរាជ។
ទី៣.គម្រោងអភិវឌ្ឍតំបន់បឹងកង្កែប ៕