នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីនីតិវិធីការចុះបញ្ជីដីធ្លី នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
ដោយសារកន្លងមក មន្ទីរ អង្គភាពរដ្ឋមួយចំនួនធំមិនទាន់បានធ្វើការចុះបញ្ជីដីរដ្ឋបង្កជាវិវាទដីធ្លីជាបន្តបន្ទាប់ ដើម្បីបញ្ចៀសនូវទំនាស់ដីធ្លី យើងត្រូវរួមគ្នាចុះបញ្ជីដីរដ្ឋឱ្យបានគ្រប់មន្ទីរ អង្គភាពក្នុងក្រុង ស្រុក ខេត្ត ។
លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ទីរ អង្គភាពរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ត្រូវទៅចុះបញ្ជីដីរដ្ឋនៅតាមការិយាល័យភូមិបាល តាមរយៈច្រកចេញចូលតែមួយរបស់ក្រុង ស្រុក ខេត្ត ដូចជា
– មន្ទីរ អង្គភាពណាមានដីប៉ុន្មានកន្លែង ទំហំប៉ុណ្ណា
– តើការចុះបញ្ជីដីរដ្ឋបានកន្លែងប៉ុន្មាន ទំហំប៉ុណ្ណា
– តើនៅសល់ដីប៉ុន្មានកន្លែងដែលមិនទាន់បានចុះបញ្ជី ។ ចំពោះមន្ទីរ អង្គភាពណាមាន ប្តឹងជំទាស់មានទំហំប៉ុន្មាន ត្រូវបំពេញសំណុំឯកសារឱ្យបានមុនថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ដើម្បីយើងពន្លឿនការចុះបញ្ជីដីរដ្ឋនៅក្នុងខេត្តព្រះសីហនុ បញ្ចប់នៅឆ្នាំ២០២០ខាងមុខ ។ ម្យ៉ាងទៀតនិតិវិធីនៃការចុះបញ្ជីដីរដ្ឋត្រូវតាមក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តព្រះសីហនុ តាមរយៈច្រកចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខេត្ត ដើម្បីកាត់បន្ថយទំនាស់ដីធ្លី ៕