នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ជួបសម្ដែងការគួរសម និងធ្វើបទបង្ហាញស្តីពីគម្រោងពង្រឹងសហគ្រិនស្ត្រី និងកម្មវិធីអប់រំដោយខ្លួនឯងនៅក្នុងស្រុកចំនួនពីរនៃខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) មានប្រសាសន៍ថា ក្រុមហ៊ុនធ្វើការជាមួយក្រុមពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រីលើគម្រោងពង្រឹងសហគ្រិនស្ត្រី និងសាលា រៀនចំនួន ៤ ក្នុងស្រុកចំនួន២ មានស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ និងក្រុងព្រះសីហនុ គ្របដណ្តប់លើឃុំចំនួន៨ ដូចជា ឃុំអូរត្រេះ ឃុំទំនប់រលក ឃុំកំពេញ ឃុំកែវផុស ស្រុកស្ទឹងហាវ ឃុំទួលទទឹង ឃុំព្រៃនប់ ឃុំអូរឧកញ៉ាហេង នៃស្រុកព្រៃនប់ និងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ។ គម្រោងបានផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ចំនួនជាង ៤៧០គ្រួសារ និងផ្ដល់ប្រយោជន៍មិនផ្ទាល់ក្នុងសហគមន៍ចំនួនជាង ២,៣៥០នាក់ ក្នុងគោលដៅផ្ដល់សិទ្ធិជាម្ចាស់ ផ្តល់ភាពអង់អាចដល់ស្ត្រីដែលមានប្រាក់ចំណូលទាប តាមរយៈការពង្រឹង និងពង្រីកអាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូចរបស់ពួកគេក្នុងការទទួលបានហិរញ្ញប្បទាន និងជាវេទិកាមួយសម្រាប់ភ្ជាប់បណ្ដាញការងារ និងការរៀន សូត្រពីគ្នាទៅវិញទៅមក ក៌ជាឱកាសអំ ណោយផលសម្រាប់ធ្វើអាជីវកម្មគាំទ្រដល់ការអភិវឌ្ឍន៍ដល់ក្រុមពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រីក្នុងស្រុកចំនួន២ ។ ក្រុមហ៊ុន គ្រីសអេនើជី ក្រៅពីការជួយដល់វិស័យអប់រំដល់សាលា៤ ក្នុងស្រុកចំនួន ២ ក្នុងនោះស្រុកស្ទឹងហាវ ២សាលា និងស្រុកព្រៃនប់ ២សាលា មានដូចជា បណ្ណាល័យ ការបង្រៀនភាសាអង់គ្លេស និងបង្កើតកម្មវិធីផ្តល់រង្វាន់ដល់សិស្សពូកែថែមទៀតផង ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមស្វាគមន៍ក្រុមហ៊ុន គ្រីសអេនើជី (អប្សរា) ដែលបានជួយដល់កម្មវិធីគម្រោងពង្រឹងសហគ្រិនស្ត្រី និងកម្មវិធីអប់រំក្នុងស្រុកចំនួន២ នៃខេត្តព្រះសីហនុ ទន្ទឹមនោះ ក៌បានស្នើសុំឱ្យក្រុមហ៊ុនចាប់ អារម្មណ៍ជួយដល់គ្រួសារទុរគតជននៅ ក្នុងខេត្តព្រះសីហនុបន្តទៀត ដែលគ្រួសារពួកគាត់គ្មានលទ្ធភាព ព្រមទាំងជួយជម្រុញពួកគាត់នូវមុខរបរចិញ្ចឹមជីវិត ថ្វីត្បិតតែគោលនយោបាយ របស់រាជរដ្ឋាភិបាលបញ្ចេញសាច់ប្រាក់ជួយដល់គ្រួសារក្រីក្ររងផលប៉ះពាល់នឹងជំងឺកូវីដ១៩ តែកម្មវិធីបញ្ចេញសាច់ប្រាក់ជួយគ្រួសារក្រីក្រ មានរយៈពេលខ្លី ដូច្នេះគ្រួសារពួកគាត់ត្រូវការជំនួយពីសប្បុរសជនបន្តទៀត ដើម្បីឱ្យមានជីវភាពកាន់តែល្អប្រសើរឡើងនាពេលខាងមុខ៕