Home / ព្រឹត្តិការណ៍សំខាន់ៗ / ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងជាការបើកទំព័រសករាជថ្មី សម្រាប់ទឹកដីខេត្តព្រះសីហនុ
ព្រឹកថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាប្រមាណជាប្រាំពាន់នាក់។

ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ បានរាយការណ៍ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាអង្គពិធីទាំងមូលជ្រាបថា ខ្សែផ្លូវអាទិភាពដែលត្រូវស្ថាបនាជាបីប្រភេទរួមមាន មហាវិថី, វិថី និងអនុវិថី រចនាឡើងសម្រាប់ទីក្រុងទំនើប ក្នុងចក្ខុវិស័យផ្លូវមិនត្រឹមតែសម្រាប់ធ្វើដំណើរប្រកបដោយ ប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំង១). ជាលំហសាធារណៈ ប្រកបដោយមេត្រីភាព សុវត្ថិភាព និងសមធម៌ ២).ផ្លូវដើម្បីកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍធុរកិច្ច ៣).ផ្លូវដើម្បីលើកកំពស់ គុណភាពនគរូបនីយកម្ម ភាពធន់នឹងអាកាសធាតុ និងបរិស្ថានប្រកបដោយចីរភាព ដោយផ្តល់អាទិភាពទៅលើផ្លូវ ថ្មើរជើង ផ្លូវជនពិការ ផ្លូវជិះកង់ បណ្ដាញបៃតង សួនជម្រាបទឹក ធម្មជាតិតាមដងផ្លូវ ដែលមានមេត្រីភាពរវាង មនុស្ស ធម្មជាតិ និងការធ្វើដំណើរ ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុដែលជាតំបន់ប៉ូលអភិវឌ្ឍមួយដ៏សំខាន់ទៅជាទីក្រុងឆ្លាតវៃ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ឡូជីស្ទីក និងច្រកចេញចូលអន្តរជាតិ ។
ជាក់ស្តែងផ្លូវក្រុងចំនួន ៣៤ខ្សែ មានប្រវែង ៨៤ ៥០៥ ម៉ែត្រ រង្វង់មូលចំនួន ២ មានអង្កត់ផ្ចិតប្រវែង ៩៩ ម៉ែត្រ ត្រីកោណផ្លូវប្រសព្វ ១ លម្អដោយរូបសំណាកដែលបញ្ជាក់អំពីប្រវត្តិសាស្រ្ត និងអត្តសញ្ញាណជាតិ និងស្ពានចំនួន៦ ប្រវែង២៥២ម៉ែត្រ។ ផ្លូវទាំង៣៤ខ្សែនេះចែកចេញជា៣ប្រភេទរួមមាន៖
ប្រភេទទី១ ៖មហាវិថី មានចំនួន៣ខ្សែ ប្រវែងសរុប ២២ ៧៣១ ម៉ែត្រ មានទទឹង៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ៦ គន្លង(៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត ២ គន្លង រួមមាន មហាវិថីរាម (លេខ ៤៥), មហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ(លេខ ៤៧)។
ប្រភេទទី២ ៖ វិថី មានចំនួន ១៦ ខ្សែ មានប្រវែងសរុប ៤៩ ៩៥៧ ម៉ែត្រ មានទទឹង២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង១០,២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២ គន្លងទៅ ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន វិថី លេខ៨៣៧-១ វិថីអូរត្រេះ, វិថីឆ្នេរអូរឈើទាល (លេខ៥០០) វិថីកោះពូឡូវៃ(លេខ៣០០) ,វិថីឯករាជ្យ (លេខ១០០), វិថី ២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ,វិថីគុជអាស៊ី(លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ(លេខ ៧០១) , វិថី២៨មិថុនា(លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្សី (លេខ៧០៥), វិថីចំណោតអូរត្រាវ វិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត ។
ប្រភេទទី៣ ៖ អនុវិថី មានចំនួន ១៥ ខ្សែ មានប្រវែងសរុប ១១ ៨១៧ ម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត ២ គន្លង រួមមានផ្លូវកាត់ទទឹង វិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ៨១៨៨,ផ្លូវលេខ១០២,ផ្លូវលេខ៨០៦, ផ្លវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង១០៣ ម៉ែត្រ ផ្លូវមានទទឹង ១០ ម៉ែត្រ ។
ដោយឡែកចំពោះការងារឆ្នេរ និងការស្តារអូរធម្មជាតិ ក្នុងនោះ អូរធម្មជាតិចំនួន៥ ដែលមានទំហំតូច ដោយសារការ ចាក់ដី ព្រមទាំងការសាងសង់លំនៅដ្ឋាន និង សំណង់នានាលើនិយាមការដើមរបស់អូរធម្មជាតិ ដែលចាំបាច់ ត្រូវធ្វើការស្តារឡើងវិញដោយប្រើប្រាស់ ថវិកាប្រមាណ ២,៥លានដុល្លារពីកញ្ចប់ថវិកា ១០០លានដុល្លារ ។ ជាមួយគ្នានេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឧបត្ថម្ភរថយន្តសម្អាតឆ្នេរចំនួន ២គ្រឿង នឹងត្រៀមផ្តល់គ្រឿងចក្រចំនួន៥គ្រឿងបន្ថែមដល់រដ្ឋបាលខេត្តសម្រាប់ការងារសម្អាតឆ្នេរ ស្តារ និងថែទាំ អូរធម្មជាតិទាំង៥ ព្រមទាំងបានសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ ទីតាំង និងបានបំពាក់ម៉ូទ័របូមផលិត នៅប្រទេសជប៉ុន ម៉ាក EBARA មុខកាត់២៥០/ចេញ៣០០ សរុបចំនួន១០គ្រឿង ដើម្បីបូមបង្វែរទឹកកខ្វក់ កុំអោយហូរចូលទៅក្នុងសមុទ្រ ។ បានស្តារអូរសម្អាតក្រោយសណ្ឋាគារសុខា បានប្រវែង១,២២៤ម៉ែត្រ និងសាងសង់ទំនប់បង្ហៀរបាន០១ទីតាំង ស្តារព្រែកអូរឈើទាលពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ១៦ហិកតា ដល់ឆ្នេរសមុទ្រអូរឈើទាលបានប្រវែង២,៤០០ម៉ែត្រ និងសាងសង់ទំនប់បង្ហៀរបាន ០៣ទីតាំង ដាំដើមឈើកោងកាងបានចំនួន ១០,០០០ដើម និងបន្តដាំ៥,០០០ដើមទៀត ដាំដើមនាងនួនអមសង ខាងមហាវិថីចំនួន១០ ក្នុងក្រុងព្រះសីហនុបានចំនួន២,៤៥៨ដើម និង បន្តដាំ៤, ៧៥៣ ដើមទៀត ។
ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖
១.គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវដាក់ឲ្យប្រើប្រាស់ដោយ អនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។
២.កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។
៣.សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត (detailed design) នៃខ្សែផ្លូវនីមួយៗ ដែលសិក្សាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖
– ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០ មីលីម៉ែត្រ ក្រាលកៅស៊ូបេទីម (Asphalt Concrete) កម្រាស់ ៧០មីលីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មីលីម៉ែត្រ
– ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង (Concrete Slab)និង ផ្លូវជិះកង់ទទឹង១,៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់៥០មីលីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក
-ដាំដើមតែនិងរុក្ខជាតិលម្អនៅតាមផ្លូវដែលមានខឿនសួនកណ្ដាល ចែកទ្រូងផ្លូវ
-បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តាយសងខាងផ្លូវ
-មានបង្គោលភ្លើងបំភ្លឺសាធារណៈ
-មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋាន
បច្ចេកទេស។
-ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាព ។
សូមរលឹកផងដែរថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដកថវិកាចំនួន ១០០ លានដុល្លា ពីថវិកាសន្សំរបស់ជាតិ ដោយសម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ចាត់ចែងដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងដាក់ចេញគោលការណ៍ ស្លឹកត្នោត ខ្ចប់ស្ករត្នោត សម្តេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ដោយមានការសហការចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តព្រះសីហនុបានចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង ធ្វើការសិក្សាលម្អិតអំពីខ្សែផ្លូវអាទិភាព ដែលត្រូវស្ថាបនាដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ៕