ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តមអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បាននាំយកទៀនព្រះវស្សា និងទេយ្យទានវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តចំនួន ៣៩វត្ត ក្នុងខេត្តព្រះសីហនុ នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងបានរៀបចំវេរប្រគេនទៀនវស្សា និងទេយ្យវត្ថុជូនដល់វត្ត ៣៩ក្នុងខេត្តព្រះសីហនុ ហើយព្រឹកនេះយើងវេរប្រគេនទៀនចំណាំព្រះវស្សាជូនដល់វត្តចំនួន ២០ ហើយរសៀល និងបន្តទៅវេរប្រគេនទៀនវស្សាដល់ព្រះសង្ឃនៅវត្តគីរីសារវន្ត ស្ទឹងឆាយ ស្ថិតក្នុងស្រុកកំពង់សិលា ចំនួន១៩វត្តបន្ថែមទៀត ។
ឯកឧត្តម អភិបាលខេត្តបន្តថា ក្នុងនាមឯកឧត្ដម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានចូលរួមក្នុងការវេរប្រគេនទៀនវស្សា ដល់វត្តទាំង ៣៩ក្នុងខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួន និងរក្សាគម្លាតសុវត្ថិភាពសង្គម និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រលកទី២ ខណៈពិភពលោកកំពុងប្រឈមមុខ នឹងការរាតត្បាតយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ឧបត្ថម្ភជូនដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដោយឡែកនៅខេត្តព្រះសីហនុ មានគ្រួសារក្រីក្រចំនួន ៤,២១១គ្រួសារ ហើយមន្ត្រីរបស់យើងបានបើកប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្របានជាង ៣,៩០០គ្រួសារ និងបន្តផ្តល់សាច់ប្រាក់ឱ្យគ្រប់នៅទូទាំងខេត្ត ព្រមទាំងអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានគ្រួសារក្រីក្រដល់អាជ្ញាធរឃុំ សង្កាត់ ដើម្បីឱ្យមន្ត្រីរបស់យើងចុះសម្ភាសន៍ ផ្តល់ប័ណ្ណក្រីក្រឧបត្ថម្ភសាច់ប្រាក់ជូនពួកគាត់បានទាន់ពេលវេលា ម្យ៉ាងទៀតការផ្តល់សាច់ប្រាក់នេះមានតាមកម្រិត ក្រ.១ ក្រ.២ និងតាមសមាជិកក្នុងគ្រួសារនីមួយៗ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ត្រីរាជការ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការកសាងទីក្រុងរបស់យើងឱ្យមានការរីកចម្រើន ព្រោះថាការអភិវឌ្ឍក្រុងត្រូវមានការចូលរួមពីមន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពល រដ្ឋ ដើម្បីឱ្យក្រុងរបស់យើងកាន់តែល្អប្រសើរបន្ថែមទៀត ។
សូមបញ្ជាក់ថា ទៀនព្រះវស្សាទេយ្យទាន ដែលឯកឧត្ដមប្រគេនដល់វត្តចំនួន ៣៩ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តមានទៀនព្រះវស្សា ១គូ ប្រេង ៦០លីត្រ អង្ករ ៣០០គីឡូក្រាម មី ទឹកក្រូច ទឹកសុទ្ធ ទឹកដោះគោ ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ត្រីខ ។ល។ និងបច្ច័យ ២,៣០០,០០០រៀល ក្នុងនោះរដ្ឋបាលខេត្ត ១លានរៀល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ១លាន រៀល និងពុទ្ធបរិស័ទ ៣០ម៉ឺន រៀល ៕