ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការរួមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ ។
សេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សធារណៈបានសិក្សាស្រាវជ្រាវ និងចងក្រងមាន ៨ជំពូក ៤៨មាត្រា ក្នុងគោលបំណងប្រមូលបាននូវធាតុចូល និងតម្រូវការក្នុងស្ថានភាពជាក់ស្តែងដើម្បីពិភាក្សានិងស្រង់យកមតិយោបល់ល្អៗផ្ញើមកគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់ ដើម្បីគណ:កម្មការធ្វើការពិនិត្យ សំអាតនិងដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្រេច ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានមតិបូកសរុបកិច្ចប្រជុំពិភាក្សា និងបានកោតសរសើរដល់មន្ត្រីរបស់យើងបានបញ្ចេញមតិប្រមូលធាតុចូលយ៉ាងផុលផុសទៅតាមជំពូក និងមាត្រានីមួយៗលើសេចក្តីព្រាងច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ និងការចូលរួមកែសម្រួលលើសេចក្តីព្រាងច្បាប់ប្រកប ដោយប្រសិទ្ធភាព ធានាបាននូវគុណភាព សោភ័ណភាព អនាម័យ បរិស្ថាន សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិនិងសេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕