Home / ព័ត៌មានទូទៅ / កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាស ទី១ ឆ្នាំ២០២០របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាស ទី១ ឆ្នាំ២០២០របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាស ទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តព្រះសីហនុ ។

លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានប្រសាសន៍ថា ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខុមាលភាពពិសេសការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការកសាងចក្ខុវិស័យដែលជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីសម្រេចបានសមភាព យេនឌ័រ ឆ្លើយតបនឹងតម្រូវការរបស់ស្ត្រី និងកុមារ ជនងាយរងគ្រោះ។ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារអនុ វត្តតាមផែនការសកម្មភាពឆ្នាំ ២០២០ ប្រកបដោយឆន្ទះមោះមុតក្រោមការគាំទ្របច្ចេកទេស និងថវិកាពីក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធនឹងមានកិច្ចសហការល្អជាមួយអង្គការម្លប់តាប៉ាង អង្គការអេលឃីដស៍ អង្គការយូនីសេស អង្គការសង្គ្រោះកុមារ និងអង្គការហ្វ្រេនអ៉ិនធឺណាស់សិនណល ។
លោកជំទាវ បន្តថាគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ស្ត្រី កុមារ ជនពិការ និងជនចាស់ជរាជួបបញ្ហាប្រឈម និងកម្មករ កម្មការិនីចំនួន ១៣លើក ។ ទន្ទឹមនោះក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយមានដូចជាការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីក្រីក្រមាន ផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ នៅមានកម្រិត
-ករណីអំពើហិង្សាក្នុងគ្រួសារមិនទាន់ទប់ស្កាត់បានទាំងស្រុង
-ការរំលោភបំពានផ្លូវភេទលើស្ត្រី និងកុមារនៅមានការកើតឡើង
-ការសិក្សាពីចម្ងាយរបស់កុមារនៅតាមជនបទដាច់ស្រយាលមួយចំនួនក្នុងស្ថានភាពការទប់ស្កាត់ជំងឺកូវីដ -១៩ មានកម្រិតអប្បបរមា
-កិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាននិង គ.ក.ន.ក ឃុំ-សង្កាត់ ក្នុងការចុះតាមដានស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋនៅមានកម្រិត។
លោកជំទាវ ប្រាក់ ច័ន្ទសុខា បានបន្តថា ទិសដៅការងារអនុវត្តបន្តគឺ
-ប្រជុំពិភាក្សាគ្រោងថវិកាសកម្មភាពការងារប្រចាំឆមាសទី២ ឆ្នាំ ២០២០
-រៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ឆ្នាំ ២០២១
-ចុះគាំទ្រកិច្ចប្រជុំប្រចាំខែរបស់ គ.ក.ស.ក ក្រុង-ស្រុក
-ចុះពិនិត្យតាមមត្តេយ្យសិក្សាសហគមន៍
-ជំរុញការការពារសុខមាលភាពស្ត្រី និងកុមារការពារជំងឺឆ្លងនានា និងតាមដានការចុះទិន្នន័យស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ តាមមូលដ្ឋាន
-ជម្រុញការតាមដានផ្ដល់សេវាដល់អ្នកផ្ទុកមេរោគអេដស៍ និងស្ត្រីមានជំងឺរ៉ាំរ៉ៃផ្សេងៗនៅតាមមូលដ្ឋាន
-សហការចូលរួមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល
-សហការផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការទប់ស្កាត់ជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទដល់យុវវ័យ និងស្ត្រីនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។