នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតអោយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ដឹកនាំដោយ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិន
ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ដើម្បីបង្កើតចំណងទំនាក់ទំនងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងមានគោល បំណងសិក្សាឈ្វេងយល់ពីឱកាសសម្រាប់វិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានស្នើប្រតិភូខេត្តហ្វូជាន ជួយជម្រុញអ្នកជំនាញផ្នែកកសិកម្ម មកធ្វើការសិក្សាដើម្បីធ្វើការវិនិយោគផ្នែកវិស័យ កសិកម្ម នៅខេត្តព្រះសីហនុផងដែរ។ ប្រសិនជាមានការវិនិយោគលើវិស័យកសិកម្ម នោះនឹងធ្វើអោយស្ថានភាពជីវភាពកសិករនៅ ខេត្តព្រះសីហនុ កាន់តែមានភាពប្រសើរឡើង។ ឯកឧត្តម មានសុទិដ្ឋិនិយមថា ស្របជាមួយនឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន និងចំណងទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន គួបផ្សំនឹងសក្តានុពលរបស់ ខេត្តព្រះសីហនុផងនោះ រំពឹងថាអ្នកវិនិយោគនឹងសំលឹងមើលឱកាសដើម្បីវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត ខណៈបច្ចុប្បន្ន ខេត្តព្រះសីហនុបាននឹងកំពុងទទួលផ្លែផ្កានៃការអភិវឌ្ឍដោយសារតែអ្នកវិនិយោគចិន។
លោក Liu depei ប្រធានប្រតិភូខេត្តហ្វូជាន និយាយថា ភូមិសាស្ត្រខេត្តព្រះសីហនុ ប្រហាក់ប្រហែលគ្នានឹងខេត្តហ្វូជានកាលពី២០ឆ្នាំមុនដែរ គ្រាដែលខេត្តហ្វូជាន ទើបមានការចាប់ផ្តើមដំបូងនៃកំណែទំរង់សេដ្ឋកិច្ច។ លោកបានបញ្ជាក់ថាគោលបំណងសំខាន់នៃជំនួបលើកនេះគឺ ចង់មកធ្វើការសិក្សាស្វែងយល់ពីឱកាសវិនិយោគ បង្កើតចំណងមិត្តភាពរវាងខេត្តហ្វូជាន និងខេត្តព្រះសីហនុ និងចង់ឲ្យមានកិច្ចសហ ប្រតិបត្តិការស៊ីជម្រៅចែករំលែកនូវបទពិសោធន៍ សក្កានុពលនៅខេត្តព្រះសីហនុបានទូលំទូលាយ។ លោកបន្តថានឹងជំរុញឲ្យមានវិនិយោ គិន មកពី ហ្វូជាន ចូលមករកស៊ីនៅខេត្តព្រះសីហនុ។ ស្របទៅតាមគោល នយោបាយ"ផ្លូវមួយខ្សែក្រវាត់មួយ" និង "ទំនាក់ទំនង ដ៏ស៊ីជម្រៅរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន" រួមទាំងសក្តានុពលរបស់ខេត្តព្រះសីហនុ អ្នកវិនិយោគនឹងសម្លឹងមក ខេត្តព្រះសីហនុ ដើម្បីស្វែងយល់និងធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះកាន់តែច្រើនថែមទៀត។
ជាមួយនេះដែរប្រតិភូ ខេត្តហ្វូជាន បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចសិក្សា និងជួបសហគ្រិននានា នៅក្នុង ខេត្តហ្វូជាន ដើម្បីចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ និងសម្លឹងមើលខេត្តព្រះសីហនុសម្រាប់ជាគោលដៅក្នុងការធ្វើ ទំនាក់ទំនង ពាណិជ្ជកម្មនៅថ្ងៃអនាគត៕ LSR