Home / ព័ត៌មានទូទៅ / សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការជំរុញ និងកិច្ចសម្រួលការវិនិយោគ

សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការជំរុញ និងកិច្ចសម្រួលការវិនិយោគ

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការជំរុញ និងកិច្ចសម្រួលការវិនិយោគ ដែលរៀបចំដោយ មានរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ

ដោយមានការចូលរួមពី សមាជិក អនុគណៈកម្មាធិការវិនិយោគ និងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ។

នៅក្នុងឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា និងបានសម្តែង ការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ដល់ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងសិក្ខាកាម មកពីបណ្តាខេត្តពាក់ព័ន្ធនានា ដែលបានរៀបចំ និងចូលរួមសិក្ខាសាលា នៅខេត្តព្រះសីហនុ នាពេលនេះ ក្នុងនោះផងដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើង ដោយសង្ខេប ទាក់ទង នឹងសក្តានុពលរបស់ខេត្តព្រះសីហនុ ជម្រាបជូន អង្គសិក្ខាសាលាបានជ្រាប ហើយឯកឧត្តម ក៏មានប្រសាសន៍ បន្ថែមទៀតថា អង្គសិក្ខាសាលារយៈពេល០២ ថ្ងៃនេះ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាបានផ្តល់បទពិសោធន៍ ចំណេះដឹងថ្មីៗ ដល់សិក្ខាកាមដែលបានចូលរួម ហើយឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងខិតខំ អស់ពីកម្លាំងកាយចិត្ត ត្រង់ត្រាប់ស្តាប់ដោយយកចិត្តទុកដាក់ និងត្រឡប់ទៅវិញយកចំណេះដឹង បទពិសោធន៍ថ្មីៗ ទៅអភិវឌ្ឍន៍ខេត្តរបស់ខ្លួន អោយមានការរីកចំរើន ប្រសើរឡើងថែមទៀត។

គោលបំណងនៃសិក្ខាសាលា បណ្តុះបណ្តាលនេះ ផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
-គោលនយោបាយលើកទឹកចិត្ត វិនិយោគ ផ្នែកពន្ធដារ
-សហប្រតិបត្តិការ រវាងចិន និងកម្ពុជា ក្នុងការជំរុញវិនិយោគ និងកសាងសមត្ថភាពផលិតកម្ម ព្រមទាំងតួនាទី របស់ស្ថានទូតចិន នៅកម្ពុជា ក្នុងការជំរុញ វិនិយោគចិន នៅកម្ពុជា
-ការជំរុញវិនិយោគ បរិស្ថានវិនិយោគ និងកាលានុវត្តភាព
-ក្របខណ្ឌនីតិប្បញ្ញត្តិ និងច្បាប់វិនិយោគអន្តរជាតិ
-ទស្សនៈទាននៃការថែទាំវិនិយោគ ដែលបានចង្អុលក្រោមនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥
-ការវាយតម្លៃ និងផ្តល់ការលើកទឹកចិត្តវិនិយោគ
-យន្តការត្រួតពិនិត្យ និងតាមដានគម្រោងវិនិយោគ
-ការប្រតិបត្តិរបស់តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា
-ការចែករំលែកបទពិសោធន៍ របស់ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ស្តីពីការផ្តល់កិច្ចសម្រួល វិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
-ទស្សនៈអនាគតសម្រាប់ការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម និងការរៀបចំយុទ្ធសាស្ត្រ ជំរុញការ វិនិយោគ៕(ភារម្យ)

01

02

04

05