ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ៧រោចខែពិសាខ ឆ្នាំច ពស ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន និងលោក ណុប ហេង ប្រធានមន្តីរសារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអញ្ជើញចុះទៅពិនិត្យមើលស្ពានថ្មី និងអូរទឹកនៅតំបន់ទំនាបក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ដែលកន្លងមកតែងរងការជន់លិចមួយរយពេលខ្លីនៅពេលមានភ្លៀងធំ។
ប៉ុន្តែចាប់ពីពេលនេះទៅតំបន់នេះអាចនឹងលែងមានការលិចលង់ទៀតហើយ បន្ទាប់ពីរដ្ឋបាលខេត្ត/ក្រុងព្រះសីហនុ បានធ្វើស្ពាននិងកែលម្អអូរផ្លូវទឹកឡើងវិញឬរំដោះអូរពីការរំលោភនានាមកវិញដើម្បីរៀបចំក្រុងព្រះសីហនុ អោយមានសោភណ័្ឌកាន់តែប្រសើរឡើងសំរាប់ជាប្រយោជន៍សាធារណៈជនទូទៅ។
សូមបញ្ជាក់ថា នៅចុងខែមេសា និងដើមខែឧសភាឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម ជាម ហ៊ីម ប្រធានក្រមប្រឹក្សាខេត្ត បានចង្អុលបង្ហាញណែនាំអោយអាជ្ញាធរនិងមន្រ្តីជំនាញពាក់ពន្ធ័ទាំងអស់ត្រូវយកចិត្តអោយបានខ្លាំងក្លាថែមទៀតក្នុងការពិនិត្យដោះស្រាយបញ្ហាការរំលោភអូរប្រឡាយនាំអោយស្ទះទឹកដែលនាំអោយមានការជន់លិចដល់ភូមិដ្ឋានប្រជាពលរដ្ឋនៅតាមទីទំនាបមួយចំនួន។
ជាក់ស្តែង ក្រុមការងារដឹកនាំដោយ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានចុះធ្វើយុទ្ធនាការកាយ ស្តារ អូរ បានជាច្រើនកន្លែងរួចហើយដែរក្នុងនោះមានការយកគ្រឿងចក្រកាយ/ស្តារនៅសង្កាត់លេខ២សង្កាត់លេខ៣និងសង្កាត់លេខ៤ជាដើម។ ក្រុមការងារគ្រោងនឹងធ្វើបន្តទៀតនៅតាមទីតាំងសំខាន់ៗជាច្រើនទៀតផងដែរ។ ជាការកត់សំគាល់បន្ទាប់ពីកាយស្តារហើយនេះ គឺពុំទាន់មានករណីជន់លិចទៀតឡើយ។ ប្រជាពលរដ្ឋសំដែងការសាទរចំពោះវិធានការណ៏រំដោះអូរ/ប្រឡាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ។
ពួកគាត់ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយកង្វល់របស់ប្រជាជន។TR
#រដ្ឋបាលខេត្តព្រះសីហនុ#យកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋ