ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៥ ឆ្នាំ២០១៨នេះ សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលមូលនិធិបាន ៧២១.២៤៣ដុល្លារអាម៉េរិក(តួលេខ បឋម ៧២ ម៉ឺន ១ពាន់ ២រយ ៤៣ ដុល្លារ) កើនជាងឆ្នាំ២០១៧ចំនួនជាង២០ម៉ឺន ដុល្លា។
………………………………………………………
នៅព្រឹកថ្ងៃ ៥រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ អាជ្ញាធរខេត្តព្រះសីហនុ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ខួបលើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទី កន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ប្រមូលថវិកាបានចំនួន ៧២១.២៤៣ដុល្លារអាម៉េរិក(តួលេខ បឋម ៧២ ម៉ឺន ១ពាន់ ២រយ ៤៣ ដុល្លារ)។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរះភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ សប្បុរជនពាក់ព័ន្ធ និងប្រជាពល រដ្ឋចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តម យន្ត មីន អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងរយៈពេលកន្លងមក ស្វែងរកមូលនិធិ ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់សាខាព្រមទាំងរួម ចំណែកចែករំលែកទុក្ខវេទនារបស់ប្រជាពលរដ្ឋងាយរងគ្រោះនានា បានល្អ និងទាន់ពេលវេលា។
ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលធ្វើឱ្យមជ្ឈដ្ឋានជាតិ អន្តរជាតិទទួលស្គាល់តាមរយៈសកម្មភាពមនុស្សធម៌ ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា គឺសកលភាព ឯកភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ភាពមនុស្សធម៌ មិនលំអៀង និងអព្យាក្រឹតភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន មានប្រសាសន៍ថា ថវិកាដែលបានចូលរួមឧបត្ថម្ភរបស់សប្បុរសជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា បានចូលរួមយ៉ាង សកម្មភាពនូវការចែករំលែកការខ្វះខាតរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ពីព្រោះថវិកាដែលយើងបានឧបត្ថម្ភនេះ ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត យកទៅចែករំលែកជួយសង្គ្រោះជន រងគ្រោះបានទាន់ពេលវេលា និងចំគោលដៅប្រកបដោយតម្លាភាព គណនីយភាព និងតាមគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជា ។ ឯកឧត្តម បានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចុះធ្វើសកម្មភាពជួយប្រជាពលរដ្ឋរងគ្រោះនៅគ្រប់ទីកន្លែងមានដូចជា ប្រជាជនក្រីក្រ ជនរងគ្រោះ និងជនងាយរង គ្រោះដោយគ្រោះធម្មជាតិ កុមារកំព្រា គរថ្លង់ កុមារខ្សោយសតិបញ្ញា ជនចាស់ជរាគ្មានទីពឹង ជាពិសេសបានជួយឧបត្ថមថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះអាយុជីវិតកុមាររង គ្រោះដោយសារជំងឺផ្សេងផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន បន្តថា ថវិកាដែលប្រមូលបានពីទិវាកាកបាទ ក្រហម ៨ឧសភានេះ ដើម្បីចូលរួមចំណែកជួយសំរាលទុក្ខលំបាក ការខ្វះខាតរបស់ជនរងគ្រោះ ក្នុងគ្រាដែលរងផលប៉ះពាល់ពីឥទ្ធិពលនៃគ្រោះមហន្តរាយនានា ប្រកប ដោយមនោសញ្ចេតនា មនុស្សធម៍ជ្រះថ្លា អាណិតអាសូរ យ៉ាងជ្រាលជ្រៅបំផុត ។
ឯកឧត្តម បានអំពាវនាវសប្បុរសជនទាំងឡាយសូមបន្តជួយចែករំលែកធនធានដល់កាកបាទក្រហមដើម្បីមានលទ្ធភាពជួយប្រជាពលរដ្ឋយើងបានកាន់តែបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ សាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ ប្រមូលថវិកាបឋមបានចំនួន ៧២១,២៤៣ដុល្លារអាមេរិក ដោយ ឡែកក្នុងឆ្នាំ២០១៧ សាខាកាកបាទក្រហមខេត្តព្រះសីហនុ ប្រមូលថវិកាក្នុងទិវាកាកបាទ ក្រហមបានជាង ៥២ម៉ឺនដុល្លារអាមេរិក ៕TR
ក្រុមគេហទំព័រខេត្ត #រដ្ឋបាលខេត្តព្រះសីហនុ#ជួយដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ