Home / ព័ត៌មានទូទៅ / នាវាក្តោង(សំពៅ) របស់កងទ័ពជើងទឹក ប្រជាជនវៀតណាមចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

នាវាក្តោង(សំពៅ) របស់កងទ័ពជើងទឹក ប្រជាជនវៀតណាមចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

នាវាក្តោង(សំពៅ) របស់កងទ័ពជើងទឹក ប្រជាជនវៀតណាមចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នាវាក្តោង(សំពៅ)  របស់កងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនៈកិច្ចសិក្សាដល់សិក្ខាកាមចំនួន ៥៥រូប ដែលនឹងបញ្ចប់ការសិក្សានាពេលខាងមុខ ។ នាវាក្តោង (សំពៅ) របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយះពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែមេសា ឆ្នាំ២០១៨ ។ មានការទទួលស្វាគមន៍ ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ ។

នាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជាប្រភេទនាវាបណ្តែតទឹក ឈ្មោះ LE QUI DON លេខ២៨៦ បណ្តោយ ៦៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅទឹក ៤.៣ម៉ែត្រ មានទម្ងន់ ៧៤៧តោន ដឹកនាំដោយប្រធានប្រតិភូ ០១រូប ជានាយកវិទ្យាស្ថានកងទ័ពជើងទឹកប្រជាជនវៀតណាម និងប្រធាននាវា ០១រូប ដឹកនាំដោយលោកអនុនាវីឯក កាវ ស៊ុនឡុង (CAO XUAN LONG) មាននាវិកសរុបចំនួន ២២១នាក់ និងសិក្ខាកាមចំនួន ៥៥នាក់ ។ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានស្វាគមន៍គណៈប្រតិភូ នាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ដែលបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនៈកិច្ចសិក្សាដល់សិក្ខាកាមចំនួន ៥៥រូប ដែលនឹងត្រូវបញ្ចប់ការសិក្សានាពេលខាងមុខ ពិសេសដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា វៀតណាម កាន់តែជិតស្និតថែមទៀត និងសូមឲ្យដំណើរទស្សនកិច្ច និងការស្នាក់នៅខេត្តព្រះសីហនុទទួលបានជោគជ័យ ។ 

លោកអនុនាវីឯក កាវ ស៊ុនឡុង (CAO XUAN LONG) បានថ្លែងអំណរគុណកងទ័ពជើង ទឹកកម្ពុជា ក៏ដូចអាជ្ញាធរខេត្តព្រះសីហនុ ដែលបានជួយសម្រួលឲ្យនាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកវៀតណាម បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនាពេលនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងកងទ័ពជើងទឹកទាំងពីរកាន់តែរឹងមាំថែមទៀត ។
តាមការគ្រោងទុក គណប្រតិភូនាវាក្តោង(សំពៅ)របស់កងទ័ពជើងទឹកវៀតណាមចូលជួបសំដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រ ជួបជាមួយនាយកសាលាកងទ័ពជើងទឹក ជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះ សីហនុ និងមានការប្រកួតកីឡាបាល់ទះ បាល់ទាត់ ទាញព្រ័ត្រ មិត្តភាពនៅមូលដ្ឋានសមុទ្ររាម ៕ TR
ក្រុមគេហទំព័រខេត្តព្រះសីហនុ

#រដ្ឋបាលខេត្តព្រះសីហនុ#ចងសម្ព័ន្ធមិត្តជាមួយប្រទេសជិតខាង និងបណ្តាមិត្តលើពិភពលោក

1 2 3 4 5 6 7 8 9 10 11 12