Home / ព័ត៌មានទូទៅ / ពិធីសម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥ (ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ

ពិធីសម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥ (ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ

សម្តេចតេជោហ៊ុនសែន លើកទឹកចិត្តចំពោះអ្នកវិនិយោគនៅកោះរ៉ុង តែត្រូវគោរពតាមបទដ្ឋានបរិស្ថានជាដាច់ខាត។ សម្តេច បញ្ជាក់ថា៖កោះរ៉ុងនេះជាសម្បត្តិរបស់រដ្ឋដែលបានជួលទៅអោយក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍសំរាប់ទាក់ទាញភ្ញៀវទេសចរ អោយមកសម្រាកលំហែកំសាន្ត ហើយយើងមិនអាចអោយភ្ញៀវមកលេងហើយដេកក្រោមដើមឈើនោះទេ។ ហើយកោះនេះនឹងក្លាយជាសម្បត្តិរបស់រដ្ឋវិញនៅពេលចប់កិច្ចសន្យា។
……………………………….

សម្តេចតេជោ មានប្រសាសន៍ដូច្នេះគ្រាដែលសម្តេច បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធសណ្ឋាគារលំដាប់ផ្កាយ៥ ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង នៅលើទឹកដី ភូមិសុខសាន្តសង្កាត់ កោះរ៉ុង ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ០៩កើត ខែចេត្រ ឆ្នាំចរ ពស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថាកោះរ៉ុងនេះមានបញ្ហាទំនាស់ដីធ្លីយ៉ាងក្តៅគគុក។សម្តេចមកពេលនេះដើម្បី មកពន្លត់ភ្លើងនៅកោះរ៉ុងផងដែរ។ សម្តេចតេជោ រំលេចថា លោក ចង់ឃើញមុខមន្ត្រីមានអំណាចខ្លះលោភលន់ចង់បានដីគ្រប់កន្លែងហួសហេតុដែលធ្វើអោយមានបញ្ហាដល់ពលរដ្ឋ។សម្តេចរំលឹកថាអស់លោកមានបានប៉ុណ្ណឹងល្មមហើយ។

សម្តេចតេជោហ៊ុនសែន បានរំលឹកអោយមន្ត្រីជំនាញនិងអាជ្ញាធរមានសមត្ថកិច្ច ត្រូវអនុវត្តការងាររបស់ខ្លួនស្របតាមច្បាប់មិនត្រូវចាំតែបទបញ្ជានាយករដ្ឋមន្ត្រីទេ ត្រូវនាំគ្នាធ្វើការដោយភាពទទួលខុសត្រូវ ល្មមឈប់បោះដុំថ្មក្តៅអោយនាយករដ្ឋមន្ត្រីទៀតទៅ។ ចំពោះបញ្ហាទំនាស់នៅលើកោះរ៉ុងនេះសម្តេចស្នើអោយរដ្ឋមន្ត្រីក្រសួងដែនដីនិងអាជ្ញាធរខេត្ត រួមគ្នាដោះស្រាយអោយបានចប់។ ជាមួយគ្នានេះដែរសម្តេច បានស្នើអោយពលរដ្ឋនៅលើកោះត្រូវចេះទាញយកផលប្រយោជន៍ពីវិស័យទេសចរណ៍និងថែរក្សាឆ្នេរនិងព្រៃឈើលើកោះនេះអោយបានល្អ និងរួមគ្នាថែរក្សាសម្បត្តិដែលដូនតាយើងទុកអោយនេះអោយបានគង់វង្ស។

ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោហ៊ុនសែន បានព្រមានថានឹងដកហូតកោះប្រមាណជាង៣០មកពីក្រុមហ៊ុនឯកជនវិញបន្ទាប់ពីពួកគេបានសិទ្ធវិនិយោគហើយតែគ្មានការអភិវឌ្ឍអ្វីទាំងអស់។ផ្ទុយទៅវិញក្រុមហ៊ុនខ្លះបានយកទៅផ្ទេរសិទ្ធជួលបន្តអោយទៅអ្នកផ្សេងទៅវិញ។ រដ្ឋនឹងយកកោះទាំងនោះដើម្បីអោយក្រុមហ៊ុនដទៃអភិវឌ្ឍម្តងដោយមិនអោយក្រុមហ៊ុនណាមួយបានសិទ្ធវិនិយោគហើយយកទុកចោលនោះឡើយ។ជាមួយគ្នានេះដែរសម្តេច ក៏បានប្រកាសថានឹងដកហូតកោះទន្សាយមុនគេ ព្រោះកោះនេះយូរហើយគ្មានការអភិវឌ្ឍអ្វីទាំងអស់។

លោក LUZI ថៅកែ សណ្ឋាគារឌឹរ៉ូយ៉ាល់ សែនដ៏កោះរ៉ុង បញ្ជាក់ថា៖ សណ្ឋាគារនេះបានសង់គម្លាតពីឆ្នេរខ្សាច់នៃខ្សែទឹកឡើងចម្ងាយ៥០មស្របតាមការកំណត់របស់រាជរដ្ឋាភិបាលដើម្បីទុកទីធ្លាឆ្នេរអោយបានធំទូលាយសម្រាប់ភ្ញៀវលំហែ។ ត្រឹមរយៈពេលពីរឆ្នាំនេះក្រុមហ៊ុនបានចំណាយទុនចំនួន ៤០លានដុល្លារសំរាប់វិនិយោគក្នុងដំណាក់កាលទី១នេះ។ ដំណាក់កាលបន្ទាប់នឹងអភិវឌ្ឍកោះនេះអោយក្លាយជាកោះប្រវត្តិសាស្ត្រមួយដ៏ប្រណិតសម្រាប់ទាក់ទាញភ្ញៀវទេសចរពីជុំវិញពិភពលោកចូលមកកំសាន្តនៅកោះនេះបានកាន់តែច្រើនទៀតនិងផ្តល់ការងារជូនពលរដ្ឋកម្ពុជាផងដែរ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕TR

(ដោយ៖ក្រុមគេហទំព័រដ្ឋបាលខេត្តព្រះសីហនុ)

inauguration The Royal Sand Koh Rong inauguration The Royal Sand Koh Rong1 inauguration The Royal Sand Koh Rong2inauguration The Royal Sand Koh Rong5 inauguration The Royal Sand Koh Rong9 inauguration The Royal Sand Koh Rong8 inauguration The Royal Sand Koh Rong10 inauguration The Royal Sand Koh Rong6 inauguration The Royal Sand Koh Rong3 inauguration The Royal Sand Koh Rong4