ស្រុកព្រៃនប់៖ នៅថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច ពស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីត្រលប់ពីពិធីសម្ភោធសាលាបឋមសិក្សាហ៊ុនសែនមនោរម្យ នៅ ឃុំតានៃ ស្រុកព្រៃនប់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋនិងប្រគល់ផ្ទះមួយខ្នងនិងអណ្តូងទឹកមួយ ដែលជាអំណោយរបស់ឯកឧត្តមផ្ទាល់ និងឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈលោក ប្រាក់ សុវណ្ណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំអូរជ្រៅ ជូនដល់គ្រួសារក្រីក្រមួយគ្រួសារដែលកំពុងរស់នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ដែលកំពុងជួបការកំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងនោះក៏មានផ្តល់ជាគ្រឿងឧបភោគ បរិភោគដល់គ្រួសារក្រីក្រមួយចំនួនទៀតក្នុងមូលដ្ឋាននេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម យន្ត មីន ក៏បានផ្តល់ជូនថវិកាមួយចំនួនផង សំរាប់ទិញគ្រែ និងពូកមួយឈុតថែមទៀត។ គ្រួសារដែលទទួលបានអំណោយពីឯកឧត្តម អភិបាលខេត្តព្រះសីហនុនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដូចជាគ្រួសារគាត់នាពេលនេះ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន បានបំផុសចលនាក្រុមការងារចុះជួយតាមស្រុកក្នុងការជួយសង់ផ្ទះនិងជួសជុលផ្ទះជូនប្រជាជនក្រីក្រតាមមូលដ្ឋានបានប្រមានជាង២០ខ្នងផ្ទះរួចហើយដែរ។ កិច្ចការនេះនៅតែបន្តសកម្មភាពយ៉ាងផុលផុសថែមទៀតក្នុងការកៀងគររកអ្នកចូលរួមក្នុងសកម្មភាពចែករំលែកនេះដើម្បីជួយសម្រាលបានមួយកម្រិតនូវការលំបាកនានារបស់បងប្អូនប្រជាជនយើងតាមមូលដ្ឋាន៕TR
(ដោយគេហទំព័ររដ្ឋបាលខេត្តព្រះសីហនុ)