ស្រុកព្រៃនប់៖ ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុនម៉ាណែត មានប្រសាសន៍ថា ប្រជាជនបានសុខគឺដោយសារអ្នកដឹកនាំចេះគិតពីសុខទុក្ខពួកគាត់។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តជឿទុកចិត្ត និងគាំទ្រសម្តេចតេជោ ការពារសន្តិភាពអោយបានគង់វង្ស ទើបមានឱកាសអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនបាន។
…………………………….
ថ្លែងក្នុងឱកាសនៃពិធីសម្ភោធសាលាបឋមសិក្សាហ៊ុនសែន មនោរម្យ មានទីតាំងនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយសេនាធិការចម្រុះ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ថ្ងៃសៅរ៍ ០៧កេីត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯកអបអរសាទរចំពោះសមិទ្ធិផលអគារសិក្សាថ្មីមួយខ្នង៥បន្ទប់នេះសំរាប់កូនចៅប្រជាជននៅមូលដ្ឋានឃុំតានៃស្រុកព្រៃនប់នេះ។
ឯកឧត្តម ហ៊ុនម៉ាណែត មានប្រសាសន៍អោយដឹងបន្ថែមថាសាលាជាង៤០០០ខ្នងហើយដែលត្រូវបានសម្តេចតេជោហ៊ុនសែនសាងសង់ជូនកូនចៅប្រជាពលរដ្ឋ ហើយការងារនេះនឹងខិតខអោយមានបន្តទៀតដើម្បីអោយកូនចៅប្រជាជនបានសិក្សារៀនសូត្រ ស្តារធនធានមនុស្សអោយប្រសើរឡើងវិញក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែមានការរីកចម្រើន។
ជាមួយគ្នានេះដែរឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សំដែងការអបអរសាទរចំពោះសមិទ្ធិផលទាំងនេះសំរាប់ជាប្រយោជន៍ដល់កូនចៅពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម យន្ត មីន សំណូមពរពលរដ្ឋចូលរូមជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានម៉ត់ចត់ ស្នើអោយពលរដ្ឋចេញអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ត្រូវគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាសន្តិភាពដែលកំពុងតែមានអោយគង់វង្សដើម្បីបន្តអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា សាលារៀននៅខេត្តព្រះសីហនុមានទាំងអស់ចំនួន១៥៣ សាលា ក្នុងនោះសាលារៀនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១២៦សាលា និងមានបន្ទប់ស្នាក់នៅ អគារកាត់ដេរនិងសាលសហសិក្សាផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានជួយផ្តល់អគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូមួយខ្នង មាន៤បន្ទប់ របងសាលាមួយជុំនិងបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ បណ្ណ័សរសើរជូនអ្នកមានស្នាដៃការងារផងដែរ៕TR
(ដោយក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ)