រដ្ឋបាលខេត្តព្រះសីហនុ បន្តចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្លូវទឹក អូរ ប្រឡាយ ក្នុងក្រុង ដើម្បីរកមធ្យោបាយរំដោះការស្ទះទឹកនៅពេលមានភ្លៀងធំម្តងៗខណៈរដូវវស្សាខិតចូលមកដល់បន្ទាប់ពីផ្លូវទឹកជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ ត្រូវបានគេរំលោភយកធ្វើជាកម្មសិទ្ធ និងសាងសង់សំណង់រឹងមាំពីលើ នាពេលកន្លងមក។
នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែ ចេត្រ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័នឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជាក់ស្តែង នៃអូរ ប្រឡាយនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ ដែលបានរងការរំលោភចាក់ដីសង់ផ្ទះធ្វើអោយផ្ទៃអូររួមតូច រួមទាំងកាកសំណល់សំរាមថង់ប្លាស្ទិចដែលប្រជាពលរដ្ឋបោះចោលរាយប៉ាយធ្លាក់ចូលទៅក្នុងអូរតាមចរន្តទឹកហូរផងនោះបណ្តាលអោយស្ទះផ្លូវទឹកហូរនិងបានបង្កជាការជន់លិចនៅពេលមានភ្លៀងធំម្តងៗ។
លោក ជាវ វិជ្ជាក់ មានប្រសាសន៏ថា បញ្ហានេះ ជាវិធានការចំពោះមុខ រដ្ឋបាលខេត្តនឹងរៀបចំយុទ្ធនាការ កាយសំរាមចេញពីផ្ទៃអូរសិន និងចលនាអោយប្រជាជនចូលរួមជាមួយរដ្ឋបាលខេត្តអោយពួកគាត់ចេះវេចខ្ចប់សំរាមពិសេសថង់ប្លាស្ទិចអោយបានត្រឹមត្រូវចៀសវាងចោលពាសវាលរសាត់ចូលពេញផ្លូវទឹកបែបនេះ។
ដោយឡែកបងប្អូនដែលបានសាងសង់សំណង់រំលោភអូររដ្ឋបាលខេត្តនឹងប្រជុំពិភាក្សារកដំណោះស្រាយតាមក្រោយ។ TR
(រូបភាពនិងអត្ថបទ ដោយ៖ក្រុមគេហទំពរសាលាខេត្តព្រះសីហនុ)