ខេត្តព្រះសីហនុ៖ នាថ្ងៃដំបូងនៃសង្ក្រាន្តឆ្នាំថ្មីនេះ នៅតាមទីវត្តអារ៉ាមនានា ក្រោមការផ្តួចផ្តើមយ៉ាងមមាញឹកនៃមន្ទីរវប្បធម៏ និងវិចិត្រសិល្បះ និងមន្ទីរធម្មការ និងសាសនា មានយុវជន យុវនារីជាច្រើននាក់ បានចូលរួមលេងល្បែងប្រជាប្រិយ៏នានា ដែលបុព្វបុរស ដូនតាខ្មែរបន្សល់ទុកមក ។ ល្បែងទាញព្រ័ត ល្បែងលាក់កន្សែង ល្បែងស្តេចចង់ របាំត្រុត និងល្បែងឡើងសរសរខ្លាញ់ ល្បែងខាំប៉ិគក់ ត្រូវបានគេនិយមលេងជាងគេ ។
លោក ដេត ណូ ប្រធានមន្ទីរវប្បធម៏ និងវិចិត្រសិល្បះខេត្តព្រះសីហនុ បានអោយដឹងថា : រយះពេលសង្ក្រាន្ត ៣ថ្ងៃនេះ ក្រោមអនុសាសន៏ណែនាំបន្ថែមរបស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ល្បែងប្រជាប្រិយជាច្រើន បាននិងកំពុងដាក់អោយយុវជន យុវនារីយើង បានលេងកំសាន្តនៅតាមទីសាធារណៈ និងជាពិសេសនៅតាមទីវត្តអារ៉ាម នានាក្នុងខេត្តព្រះសីហនុ ។
សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខេត្តព្រះសីហនុ ជួបតែសេចក្តីសុខ សំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕